ខេត្តសៀមរាប៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាប នឹងបញ្ជូនជនសង្ស័យ ៤៧នាក់ ដែលជាប់ពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃលិចទឹក ទៅតុលាការខេត្ត កាលពីថ្ងៃទី៣០វិច្ឆិកាម្សិលមិញ និងក្រោយការឃាត់ខ្លួននាពេលថ្មីៗកន្លងមកនេះ ។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានឱ្យអ្នកសារព័ត៌មានដឹងថា ជនដែលបានកាប់ទន្ទ្រានដីព្រៃលិចទឹក ត្រូវបានអាជ្ញាធរកសាងសុំនុំរឿង បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ខណៈរូបលោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ចុះពិនិត្យមើលព្រៃលិចទឹក និងទីតាំងកាប់ទន្ទ្រាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
លោកអភិបាលខេត្តបានឱ្យដឹងថា ខេត្តសៀមរាបមានក្រុង-ស្រុក ចំនួន០៦ ដែលជាប់នឹងបឹងទន្លេសាប រួមមាន៖ ស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានផ្ទៃដីជាង ១២៦ពាន់ហិកតា។ លោកថា នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប មានដីព្រៃលិចទឹក ដែលជនខិលខូចបានកាប់ទន្ទ្រាន ចំនួន១០០ ហិកតា ដែលមានជនសង្ស័យចំនួន ៤៧ នាក់ត្រូវបានអាជ្ញាធរកសាងសុំនុំរឿង បញ្ជូនទៅតុលាការហើយ។ ដោយឡែក សម្រាប់នៅក្នុងភូមិសាស្រ្តស្រុកផ្សេងៗទៀត ក្រុមការងារកំពុងតែចុះពិនិត្យមើលជាក់ស្តែង។
លោកទៀ សីហា បានបញ្ជាក់ថា ព្រៃលិចទឹកនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ជម្រកត្រី និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប។ ដូច្នេះបើសិនជាបាត់បង់ព្រៃលិចទឹក និងធ្វើឱ្យប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះ ជាពិសេស ទិន្នផលត្រី និងមានការថយចុះជាក់ជាពុំខាន៕