មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំឧបត្ថម្ភសម្ភារៈថវិកាស្បៀងអាហារនិងស័ង្កសីជូនប្រជាពលរដ្ឋក្រីក្រ

ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋក្រីក្រ មួយគ្រួសារមានសមាជិក១២ នាក់ រស់នៅក្នុងខ្ទមកំសត់ដំបូលប្រក់ស្លឹកធ្លុះធ្លាយ តូចចង្អៀត រស់នៅភូមិជីអោក ឃុំ បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលអំណោយពី ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី០១ ខែធ្នូឆ្នាំ២០២១ ។

 

ឧត្ដមសេនីយ៍ទោសោម ស៊ុន ដឹកនាំសហការី អជ្ញាធរដែនដីនាំយកនូវសម្ភារៈស្បៀងអាហារ និងថវិកានិងស័ង្កសី ជាអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ដែលខ្វះខាតស្បៀងអាហារ ការហូបចុកប្រចាំថ្ងៃ មានថវិកាជាងមួយលានរៀល ស័ង្កសី៥០ សន្លឹក អង្ករ១០០ គីឡូក្រាម មីជាតិពីរ កេស ទឹកត្រីទឹកស៊ីអ៊ីវ២ យួរ មុងភួយកន្ទេលខ្នើយ និងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត ។

 

ឧត្ដមសេនីយ៍ ទោសោម ស៊ុន បានឲ្យដឹងថា លោកតាញ៉េម ផេន អាយុ៦១ ឆ្នំា ភរិយាឈ្មោះឃិន ធឿន អាយុ៦០ឆ្នំា មានមុខរបរស៊ីឈ្នួលបាញ់ថ្នាំស្រូវ បច្ចុប្បន្នធ្លាក់ខ្លួនមានជំងឺ មានកូន១០នាក់ រស់នៅក្នុងបន្ទុក៦ នាក់ និងចៅ៤នាក់ ដែលមានជីវភាពលំបាកខ្វះខាត និងបានណែនាំសំណូមពរអាជ្ញាធរដែនដី ជួយចាត់ចែងនិងយកថវិកានឹងស័ង្កសី ជួយជួសជុលជម្រកស្នាក់នៅឲ្យបានសមរម្យផង។

 

លោកតា ញ៉េម ផេន និងក្រុមគ្រួសារមានចិត្តរំភើបរីករាយ រកអ្វីមកប្រៀបផ្ទឹមពុំបាន ដែលបានទទួល អំណោយ ស្បៀងអាហារថវិកា និងសម្ភារៈប្រើប្រាស់ផ្សេងៗ នឹងគោរពថ្លែងអំណរគុណ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអាជ្ញាធរដែនដីនិង សូមគោរពជូនពរ សូមទទួលបាននូវពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលះ និង បដិភានៈ កុំបី ឃ្លៀង ឃ្លាត ឡើយ ។ ដោយ ប៊ុន រដ្ឋា