ថ្នាក់ដឹកនាំស្រុកកំពង់ត្រាចប្រគល់ផ្ទះ១ខ្នងជូនគ្រួសារក្មេងកំព្រា ជាអំណោយ​ដ៏ថ្លៃថ្លារបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត

នារសៀលថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១​ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក​ និងលោក អ៊ុម ស៊ីណាត​ប្រធាន​ក្រុមប្រឹក្សា​ស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ភូមិ ឃុំ និងយុវជនទាំងបីប្រភេទ បានអញ្ជើញចូលរួមពិធីប្រគល់ផ្ទះ១ខ្នងជាអំណោយ​ដ៏ថ្លៃថ្លារបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឧបត្ថម្ភ​ថវិកាផ្ទាល់ចំនួន២,០០០​ដុល្លារអាមេរិក ដែលបានសាងសង់រួចជាស្ថាពរ ដោយធ្វើអំពីឈើប្រណិត ប្រកហ្វីប្រូ និងជញ្ជាំងស័ង្កសី ទំហំ៦មx៥ម​ប្រគល់ជូនគ្រួសារក្មេងកំព្រាចំនួន៥នាក់ ស្ថិតនៅភូមិស្នាមគូរ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ដោយកន្លងមកក្រុមគ្រួសារខាងលើនេះសុំស្នាក់អាស្រ័យជាមួយញាតិជិតខាងប៉ុណ្ណោះ។​

 

ជាមួយគ្នានេះដែរលោកអភិបាលស្រុកបានផ្តល់ថវិកាផ្ទាល់ចំនួន៤០០,០០០៛បន្ថែមទៀត ដើម្បីចាក់សាបក្នុងផ្ទះ រួមនឹងចាក់បំពេញអាចម៍ដីនៅសងខាងផ្ទះផងដែរ។​

 

ការប្រគល់ផ្ទះ១ខ្នងនេះ បងប្អូនប្រជាពលរដ្ឋបានចូលរួមអបអរសាទរយ៉ាងច្រើនកុះករ និងបានគោរពថ្លែងអំណរគុណដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ដែលឯកឧត្តមតែងគិតគូជានិច្ចសុខទុក្ខរបស់ក្រុមគ្រួសារក្មេងកំព្រា រួមនឹងបងប្អូនប្រជាពលរដ្ឋជនងាយរងគ្រោះផ្សេងៗទៀតនៅទូទាំងស្រុក។