រដ្ឋបាលខេត្តកំពង់ធំ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩(ដូសជំរុញ)លើកទី៣ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅទូទាំងខេត្តកំពង់ធំ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩(ដូសជំរុញ)លើកទី៣ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅទូទាំងខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំប្រធានមន្ទីរជុំវិញខេត្តច្រើនរូបផងដែរ។

នៅក្នុងឱកាលផងដែរឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ធំ លទ្ធផលវ៉ាក់សាំងកូវីដ-១៩(ដូសជំរុញ)លើកទី៣ ស៊ីណូហ្វាក់ ដែលជាជានួយពីប្រទេសចិនគឺទទួលបានលទ្ឋផលល្អ។ បន្ថែមពីនេះទៀតឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី១ ដូសទី២ រហូតដល់មានដូសទី៣(ដូសជំុញ)គឺចាប់ពី៤ខែរហូតដល់៦ខែទើបចាក់បាន។

ជាមួយគ្នានេះឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តកំពង់ធំសម្រេចបានក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។

លើសពីនេះទៀត ឯកឧត្តមបានអំពាវនាវដល់រដ្ឋបាលខេត្ត និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ព្រមទាំងឱ្យបងប្អូនប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង(ដូសជំរុញ)លើកទី៣នៅតាមមណ្ឌលសុខភាពដែលនៅជិតបំផុតតាមមូលដ្ឋាន និងបន្តរក្សាអនុវត្តវិធានការនូវ (បីកុំបីការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាល។