រង្វង់មូលស្រអែម ដែលសាងសង់ឡើងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្នុងតម្លៃទឹកប្រាក់ជាង ១២ម៉ឺនដុល្លារអាមេរិក បានធ្វើពិធីក្រុងពាលី នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ តំណាងលោកទេសរដ្ឋមន្ត្រី មាស សុភា , អភិបាលរងខេត្តព្រះវិហារ លោក លី សារ៉ារិទ្ធ ,ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី និងមន្ត្រីអ្នកមុខ អ្នកការជាច្រើនទៀត បានចូលរួមក្នុងពិធីក្រុងពាលី រង្វង់មូលស្រអែម ដែលគោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី មាស សុភា នារសៀលថ្ងៃទី៦ធ្នូឆ្នាំ២០២១នេះ ស្ថិតក្នុងឃុំស្រអែម ​ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងថា កំណត់ត្រាប្រវត្តិសាស្ត្រថ្មី នៃរូបចំណាកគោបូរៈទី៥ ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើង ក្នុងរចនាបថខ្មែរសុទ្ធសាធ នៅលើរង្វង់មូលដ៏ថ្មីស្រឡាងមួយ គឺរង្វង់មូលស្រអែម ត្រង់ចំណុចផ្លូវប្រសព្វគ្នាជា៣  ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក សំ លាងទ្រី បានបញ្ជាក់ថា សំណង់ដ៏គួរជាំទីស្ងប់ស្ញែងនេះ បានចាប់សាងសង់ឡើង កាលពីថ្ងៃទី១១ធ្នូឆ្នាំ២០១៨ និងបានបញ្ចប់នូវការសាងសង់ នៅពាក់កណ្តាលខែឧសភាឆ្នាំ២០២០ កន្លងទៅនេះ ក្រោមការស្ថាបនាពីក្រុមមន្ត្រីជំនាញ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមានលោក សំ លាងទ្រី ជាប្រធាន និងជាអ្នកដឹកនាំការស្ថាបនា ក្រោមការចំណាយថវិកាអស់ ប្រមាណ ១២ម៉ឺន ៥ពាន់ ដុល្លារអាមេរិក ដែលបានមកពីការរួមបញ្ចូលគ្នា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តព្រះវិហារ។ លោកបានបញ្ជាក់ទៀតថា ការសាងសង់រង្វង់មូលស្រអែមនេះ មន្ទីរមិនបានចំណាយថវិកាជាតិនោះទេ។ ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធនានា នៅជុំវិញរង្វង់មូលស្រអែម ក៏ដូចនៅក្នុងស្រុកជាំក្សាន្ត ទាំងមូល គឺមន្ទីរបានប្រើប្រាស់ថវិកាជាតិ ទៅតាមគោលការណ៍ដែលបានកំណត់ ៕ដោយ៖ឡុង សំបូរ