ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ ស្ម័គ្រចិត្តពេលនេះដើម្បីអនាគតយើងបន្តធ្វើសកម្មភាពឥតឈប់ឈរឡើយ

ខេត្តសៀមរាប : លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ការស្ម័គ្រចិត្តគឺជាគោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម-អឌ្ឍច័ន្ទក្រហមអន្តរជាតិ ហើយចលនាមនុស្សធម៌នៃអ្នកស្ម័គ្រនេះហើយ ជាកម្លាំងចលករបង្កើតឲ្យមានស្ថាប័នកាកបាទក្រហម-អឌ្ឍច័ន្ទក្រហម លើពិភពលោក !

ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅឧទ្យានសហស្សវត្សកាកបាទក្រហមកម្ពុជា នាក្រុងសៀមរាប ក្រោមវត្តមានរបស់លោកជំទាវ ពុំ ចន្ទីនី អគ្កលេខាធិការកាកបាទក្រហមកម្ពុជា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ត្រូវបានប្រារព្ធឡើង ក្រោមការចូលរួមដោយលោកជំទាវ ទាងអេង-ទៀសីហា អនុប្រធានគណកម្មាធិការសាខានិងសហការី យុវជនកាកបាទក្រហម  អ្នកស្ម័គ្រចិត្ត  យុវជនកាយរីទ្ធ  ក្រុមប្រតិបត្តិសាខា  មន្រ្តីបរិស្ថាន  ខណ្ឌរដ្ឋបាលព្រៃឈើ  និងក្រុមអនុរក្សស្ម័គ្រចិត្តផងដែរ ប្រមាណជាជាង២០០នាក់  ដែលឆ្នាំនេះ ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ស្ថិតក្រោមប្រធានបទ៖ ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើង ទាំងអស់គា្នបន្តធ្វើសកម្មភាព ដោយមិនឈប់ឈរនោះឡើយ ។

ដោយយោងតាមខ្លឹមសារនៃសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  លោកជំទាវ ពុំ ចន្ទីនី បានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជា គឺជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ និងជាសមាគមរបស់ជាតិ មានកម្លាំងអ្នកស្ម័គ្រចិត្តរាប់តាំងពីឥស្សរជនក្នុងជួរគណៈកិត្តិយស គណៈអភិបាលថ្នាក់កណ្តាល  ថ្នាក់សាខា អនុសាខា រហូតដល់សហគមន៍ ព្រមទាំងមានកម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាម គ្រឹះស្ថានសិក្សា សរុបប្រមាណជាង ៥ម៉ឺននាក់នៅក្នុងទូទាំងប្រទេស។ លោកជំទាវបញ្ជាក់បន្ថែមថា កាកបាទក្រហម គឺកើតចេញពីការស្ម័គ្រចិត្ត ការស្ម័គ្រចិត្តគឺជាគ្រឺះនៃចលនាកាកបាទក្រហម។

សម្រាប់ឆ្នាំនេះ ការជ្រើសរើសយកប្រធានបទនេះ គឺមានគោលបំណងអំពាវនាវចំពោះយុវជន  ចំពោះអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា  រួមទាំងសាធារណជន និងបង-ប្អូនរួមជាតិ បន្តចូលរួមឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការទទួលខុសត្រូវទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងរាតត្បាតសកលនានា និងប្រើទម្លាប់រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលនេះជាប្រការចាំបាច់បំផុត ដើម្បីចូលរួមស្តារ និងអភិវឌ្ឍប្រទេស ក្នុងដំណើរបើកប្រទេសជាតិឡើងវិញលើគ្រប់វិស័យ។

ជាមួយគ្នានេះដែរ ក្រោមប្រធានបទនេះ គឺចង់បង្ហាញអំពីការប្តេជ្ញាចិត្ត របស់កាកបាទក្រហមកម្ពុជា ពង្រឹងពង្រីកកម្លាំងមហាសាមគ្គីនៃយុវជន និងអ្នកស្ម័គ្រចិត្ត ធ្វើសកម្មភាពមិនឈប់ឈរឡើយ នៅក្នុងប្រតិបត្តិការ មនុស្សធម៌ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះ តាមទិសស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល  បន្តខិតខំសម្រេចឱ្យបាន បាវចនា សកម្មភាពនៅមូលដ្ឋាន និងសម្រេចឲ្យបានគោលដៅជាសកលនោះ៕លោក ខេង ខេមរា ធ្វើសេចក្តីរាយការណ៍