ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ក្រោមប្រធានបទ៖ “ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នាបន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ” ដែលបានរៀបចំឡេីងនៅសាលាស្រុកពញាក្រែក ក្រោម វត្តមាន ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា ដោយក្តីនឹករលឹកបំផុត និងថ្លែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធសាធក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ នៅក្នុងសហគម៍របស់ខ្លួន។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានជំរុញលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តទាំងអស់ ឲ្យបន្តសកម្មភាពដ៍ល្អមួយនេះកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងប្រតិបត្តិការមនុស្សធម៍ជួយជនងាយរងគ្រោះ និងអ្នករងគ្រោះ តាមទិសស្លោក << កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនឲ្យនរណាម្នាក់អត់អាហារស្លាប់នោះឡើយ>>។
ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹកដល់អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវរក្សាសុខភាពខ្លួនឲ្យបានល្អ បើយើងគ្មានសុខភាពរឹងមាំទេនោះ ម្តេចនឹងចុះជួយបងប្អូនពលរដ្ឋបាន ជាពិសេសក្នុងបរិបទកូវីដ១៩នេះតែម្តង។ ដើម្បីជាការលើកទឹកចិត្ត គណៈអធិបតីក៏បានចែកជូននូវប័ណ្ណសរសើរ ជែល ម៉ាស និងថវិកាមួយចំនួនដល់អ្នកស្ម័គ្រចិត្តទាំង១២០នាក់។
គួរ បញ្ជាក់ ថា អំណោយ ដែល ត្រូវ ចែកជូនដល់លោកយាយលោកតាចាស់ជរា គ្មាន ទីពឹង ក្នុងស្រុកពញាក្រែក ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានអាវរងារ ១ អង្ករ១បេ មី១កេស ទឹកត្រី ទឹកស៊ីអីវ ត្រីខ ប្រេងឆា និងថវិកាមួយចំនួនផងដែរ ៕







































