(ខេត្តកំពត)៖ គម្រោងស្ថាបនាផ្លូវបេតុង ត្រង់ចំណុចផ្សាររុយ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ដែលមានប្រវែង២៥០ម៉ែត្រ ទទឹង៨ម៉ែត្រ នឹងត្រូវចាប់ផ្តើមស្ថាបនានៅដើមខែធ្នូ ឆ្នាំ២០២១នេះហើយ។ចំពោះការងារនេះ ក៏ស្ថិតក្រោមការជ្រោមជ្រែងរបស់រដ្ឋបាលខេត្តកំពតផងដែរ។
លោក លាង រឿនសុធី អភិបាលក្រុងកពត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវបេតុងចំណុចផ្សាររុយនេះ គឺមានប្រវែង២៥០ម៉ែត្រ ទទឹងផ្លូវមានប្រវែង៨ម៉ែត្រ កម្រាស១តឹក កន្លះ។ប៉ុន្តែក្នុងចំណោមប្រវែងសរុប២៥០ម៉ែត្រ គម្រោងរបស់ក្រុងកំពត យើងអនុវត្តតាមកញ្ចប់ថវិកាជាក់ស្តែងបានត្រឹមតែ១០០ម៉ែត្រប៉ុណ្ណោះ ក្រៅពីនោះយើងបានជំនួយបន្តពីរដ្ឋបាលខេត្តកំពត ទើបយើងដាក់បន្តគម្រោង១៥០ម៉ែត្រទៀតដើម្បីស្ថាបនាបញ្ចប់ប្រវែងផ្លូវនេះឱ្យបាន២៥០ម៉ែត្រតែម្តង។
ចំពោះការងារកសាងផ្លូវបេតុងនេះផងដែរ ក៏អនុវត្តតាមការស្នើសុំរបស់រដ្ឋបាលក្រុងកំពត ទៅរដ្ឋបាលខេត្តក្នុងការសាងសង់បញ្ចប់ ហើយខេត្តក៏ឯកភាព តាមគម្រោងមនេះ ស្របពេលដែលរដ្ឋបាលខេត្តបាននឹងកំពុងចាត់វិធានការអភិវឌ្ឍន៍ឱ្យអស់នូវកំណាត់ផ្លូវខ្លីៗក្នុងទីប្រជុំជន។
សូមជម្រាបថា បើតាមការលើកឡើងរបស់លោក ស៊ីវ យុត ចៅសង្កាត់ក្រាំងអំពិល បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវបេតុងស្ថិតចំណុចផ្សាររុយដែលមានបណ្តោយប្រវែង២៥០ម៉ែត្រ ទទឹង៨ម៉ែត្រនេះ ក៏ត្រូវចាំបាច់ពង្រីកចិញ្ចើញផ្លូវសងខាង២ម៉ែត្រ+២ម៉ែត្រទៀត សម្រាប់រៀបប្រព័ន្ធលូ។លោកចៅសង្កាត់បានបន្តថា ចំពោះការស្ថាបនាផ្លូវបេតុងនេះ យើងទើបតែអនុវត្តជាជំហានដំបូងដោយបានចងដែកនិងរៀបចំឈូសឆាយពង្រាបដីផ្លូវចាស់ ដើម្បីសង់គ្រឹះផ្លូវសង់ជាផ្លូវ រួចអនុវត្តជាបន្តបន្ទាប់រហូតដល់បញ្ចប់គម្រោង។
ចំពោះការស្ថាបនាផ្លូវបេតុងនេះដែរ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ បានសំដែងក្តីរីករាយ ដោយសង្ឃឹមថា ក្រោយពីស្ដាបនាផ្លូវបេតុងបានរួចរាល់នឹងបានធ្វើដំណើរស្រួល គ្មានភក់ជ្រាំ និងមិនមានការលិចផ្លូវក្នុងរដូវវស្សាដូចមុនទៀតឡើយ៕ សេង ណារិទ្ធ





































