ខេត្តស្ទឹងត្រែង៖ ក្រុមមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រែង បានចុះឆ្មក់ចាប់សាច់សត្វព្រៃបានពីរប្រភេទ មានទម្ងន់ជិត ៣០គីឡូក្រាម ដែលក្រុមឈ្មួញមួយក្តាប់តូច នាំយកមកដាក់តាំងលក់ដូចលក់ត្រី យ៉ាងអនាធិបតេយ្យនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង។ ដែលការបង្ក្រាបនោះ បានធ្វើឡើងនៅម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១០ធ្នូឆ្នាំ២០២១។
មន្ត្រីព្រៃឈើនៅក្នុងការបង្ក្រាបសាច់សត្វព្រៃនោះ បាននិយាយថា ការចុះបង្ក្រាប និងរឹបអូសសាច់សត្វព្រៃពីរប្រភេទ នៅក្នុងផ្សារសាមគ្គីស្ទឹងត្រែងនេះ បានធ្វើឡើងក្រោមបញ្ជាពីលោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបានព្រៃឈើខេត្តស្ទឹងត្រែង។ លោកថា នៅក្នុងពេលចុះបង្ក្រាបនេះ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រែង ដកហូតបានសាច់សត្វព្រៃជិត ៣០គីឡូក្រាម គ្រាដែលឈ្មួយបាននាំយកមកដាក់តាំងលក់ យ៉ាងអនាធិបតេយ្យ។ ចំណែក ជនសង្ស័យមេឈ្មួញ ហាក់ដឹងខ្លួនមុនបានរត់គេចខ្លួនបាត់អស់។
មន្ត្រីព្រៃឈើដដែលបាននិយាយទៀតថា ឈ្មួញលក់សាច់សត្វព្រៃទាំងនេះ គឺជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចជំនាញធ្លាប់បង្ក្រាបជាញឹកញាប់ ខ្លះធ្លាប់បានធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរ និងខ្លះទៀត បានធ្វើការផាកពិន័យអន្តរការតាមច្បាប់ព្រៃឈើ ផងដែរ។ តែសកម្មភាពនេះ ក្រុមឈ្មួញនៅតែបន្តលួចលាក់លក់ជាដដែល។ លោកបញ្ជាក់ថា ក្រោយពេលឈ្មួញរត់គេចខ្លួន នៅមុនពេលសមត្ថកិច្ចចុះទៅដល់នោះ គឺបានបន្សល់ទុកសាច់សត្វព្រៃក្នុងថង់ និងដាក់ក្នុងធុងក្លាសេ រកឃើញសត្វព្រៃ២ប្រភេទ គឺសាច់សត្វជ្រូកព្រៃ ១៩គីឡូក្រាម និងសាច់សត្វប្រម៉ា ១ក្បាលមានទម្ងន់ ៧គីឡូក្រាម សរុប ២៦គីឡូក្រាម។
ក្រោយការបង្ក្រាប និងរឹបអូស សាច់សត្វព្រៃទាំងពីរប្រភេទ មានទម្ងន់ ២៦គីឡូក្រាម ដែលដកហូតបានពីក្រុមឈ្មួញសត្វព្រៃ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រៃឈើ នាំយកទៅដុតកម្ទេចចោល នៅខណ្ឌរ្ដឋបាលព្រៃឈើខេត្តស្ទឹងត្រែង៕ ដោយ ៖ឡុង សំបូរ