ខេត្តព្រះវិហារ៖ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក ស្រី ប៉ាង រ៉ាវី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការប្រឆាំងអំពើហិង្សាលើស្ត្រី យុវវ័យ និងកុមារ ក្នុងរយៈពេល ១៦ថ្ងៃ ក្រោមប្រធានបទ «ពិភពលោកពណ៌ទឹកក្រូច បញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ» កាលពីរសៀលថ្ងៃទី៨ធ្នូឆ្នាំ២០២១ នៅក្នុងភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពិធីនេះរៀបចំឡើង ដោយមន្ទីរកិច្ចការនារីខេត្តព្រះវិហារ គាំទ្រដោយអង្គការ(UNFPA) ដែលមានការចួលរួមពី លោកស្រី ឈុន សុធារី ប្រធានមន្ទីរកិច្ចការនារីខេត្ត អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមកពីឃុំចំនួន៣ គឺឃុំទឹកក្រហម ឃុំជាំក្សាន្ត និងឃុំរំដោះស្រែ នៃស្រុកជាំក្សាន្ត។
ប្រធានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ លោកស្រី ឈុន សុធារី បានថ្លែងថា យុទ្ធនាការ១៦ថ្ងៃ គឺជាយុទ្ធនាការ ដែលប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារ ហើយយុទ្ធនាការនេះ បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៩៩១ នោះមក ដោយក្រុមបុរសជនជាតិកាណាដាមួយក្រុម។ លោកស្រីបន្តថា ក្រោយមកយុទ្ធនាការនេះ ត្រូវបានរៀបចំឡើងនៅគ្រប់ទីកន្លែង នៅលើពិភពលោក រហូតដល់ទិវានេះ បានក្លាយជាទិវាអន្តរជាតិ ដែលអង្គការសហប្រជាជាតិ បានកំណត់ជាផ្លូវការ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ និងបានប្រកាសទទួលស្គាល់ថា ជា«ទិវាអន្តរជាតិលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី» តាមរយៈមហាសន្និបាតលើកទី៨៣ របស់អង្គការសហប្រជាជាតិ។
លោកស្រី ឈុន សុធារី បានថ្លែងទៀតថា នៅក្នុងអំឡុងពេលនៃយុទ្ធនាការនេះ បូពណ៌ ស ត្រូវបានបំពាក់ឱ្យប្រជាពលរដ្ឋ ជាពិសេស បុរសដែលជាសញ្ញា នៃការសន្យារបស់ ពួកគេ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីជាទូទៅ នៅថ្ងៃទី២៥ ខែវិច្ឆិកា ត្រូវបានគេចាត់ទុកថា «ជាទិវាអន្តរជាតិ នៃការសាមគ្គីភាពរបស់បុរស ប្រឆាំងនឹងអំពើហិង្សាលើស្ត្រី»។ ដូច្នេះ ជារៀងរាល់ឆ្នាំ យុទ្ធនាការនេះ ត្រូវបានរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី១០ធ្នូ។
លោកស្រីប្រធានមន្ទីរ បានបន្តទៀតថា ជារៀងរាល់ឆ្នាំ ក្រសួងកិច្ចការនារី តែងតែសហការជាមួយ អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនឯកជន ដើម្បីប្រារឰធ្វើពិធីនេះឡើង ក្នុងគោលបំណង «បញ្ឈប់អំពើហិង្សាគ្រប់រូបភាព មកលើស្ត្រីយុវវ័យ និងកុមារ» ដើម្បីលើកកម្ពស់ភាពសុខដុមរមនា និងភាពរុងរឿងក្នុងគ្រួសារ ក៏ដូចនៅកន្លែងធ្វើការជាដើម។
អភិបាលរង នៃគណអភិបាលខេត្តព្រះវិហារ លោកស្រី ប៉ាង រ៉ាវី បានអំពាវនាវដល់យុវជន អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឲ្យចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារ តាមរយៈការចេះអត់អោនអធ្យាស្រ័យ និងឱ្យតម្លៃគ្នាទៅវិញទៅមក រវាងបុរស និងស្ត្រី ជាពិសេស នៅក្នុងសង្គមគ្រួសារ។
លោកស្រី ប៉ាង រ៉ាវី បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តចែករំលែកកាផ្សព្វផ្សាយឱ្យឲ្យបានទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបានគ្រប់ៗគ្នា។ ទន្ទឹមនោះ ក៏ត្រូវមានអនាម័យល្អក្នុងការរស់នៅ ពិសេស ត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីយើងទាំងអស់គ្នារួចផុតពីជំងឺកូវីដ-១៩៕ដោយ៖ឡុង សំបូរ