អភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តដល់អ្នកកើតមេរោគអេដស៍ ជំងឺអេដស៍ទាំងអស់ មិនត្រូវអស់សង្ឃឹមក្នុងជីវិតរស់នៅ និងត្រូវខិតខំព្យាបាលជំងឺ តាមការវិជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន

0

ខេត្តព្រះវិហារ៖ ការថ្លែងលើកទឹកចិត្តរបស់ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដែលជាប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្ត​ព្រះវិហារ ក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ (បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាត្បាតសកល) និងការចែកអំណោយមនុស្សធម៌ ដល់អ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៥១គ្រួសារ កាលពីថ្ងៃទី៩ធ្នូ២០២១ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។

នៅក្នុងថ្ងៃម្សិលមិញនោះ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោកស្រី ចឹក ហេង ,សមាជិក សមាជិការ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ,យុវជនកាកបាទក្រហម ,យុវជនកាយរិទ្ធ និងយុវជន ស ស យ កខេត្ត ក៏បានចូលរួមក្នុងពិធីនោះ ផងដែរ។

លោកស្រី ចឹក ហេង បានអានសាលិខិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនជនរួមជាតិទាំងអស់ ពិសេស បងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍។ លោកស្រី បានថ្លែង ផ្ដាំផ្ញើដល់បងប្អូនឲ្យមានការប្រុងប្រយ័ត្ន ជាមួយមេរោគរាត្បាតជាសកលកូវីដ-១៩ ហើយត្រូវបន្តអនុវត្តវិធានការ ៣កុំ៣ការពារឲ្យបានជាប់ជាប្រចាំ ដើម្បីខ្លួនយើង និងសហគមន៍គ្មានកូវីដ១៩។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអនុវត្តឆ្លើយតបទៅនឹងសកម្មភាព កិត្តិនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការយកចិត្តទុកដាក់ខ្ពស់ សម្រួលដល់ការលំបាករបស់បងប្អូន អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ នៅតាមភូមិ ឃុំ ក្នុងខេត្តព្រះវិហារវិហារ។

លោកអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ទៀតថា នៅក្នុងឆ្នាំ២០២០ កន្លងទៅនេះ សាខាកាកបាទក្រហមខេត្ត ពុំបានរៀបចំធ្វើពិធីនេះទេ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ប៉ុន្តែ បាននាំយកអំណោយ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារអេដស៍ នៅតាមបណ្ដាក្រុង/ស្រុក ដោយផ្ទាល់តែម្ដង។ លោកបានផ្តាំផ្ញើបងប្អូន ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ទាំងអស់ សូមកុំអស់សង្ឃឹមក្នុងជីវិត ត្រូវខិតខំព្យាបាល និងមើលថែខ្លួន ដោយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន។

បន្ទាប់មក លោកអភិបាលខេត្ត ក៏បានអញ្ជើញចែកអំណោយ ដល់បងប្អូនដែលកំពុងរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ចំនួន ៥១នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង ១យួរ ទឹកអាល់កុល ១ដប និងថវិកា ២ម៉ឺនរៀល។ ដោយឡែក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និង ស ស យ កខេត្ត ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ៕ដោយ៖ឡុង សំបូរ