កំពង់ចាម : ក្នុងពិធីប្រគល់ពានរង្វាន់ “ សម្តេច តេជោសែន “ សម្រាប់លាភីនាយកល្អ គ្រូបង្រៀនឆ្នើមភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ដល់ថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាតឆ្នាំសិក្សា២០២០-២០២១ នារសៀល ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម កៅ សុខអាន អភិបាល រងខេត្តកំពង់ចាម បានថ្លែងថា បេីចង់ពង្រីកបរិមាណអប់រំ គឺត្រូវបន្ថែមសាលារៀន បន្ថែមគ្រូបង្រៀន បន្ថែមសម្ភារសិក្សា ពីព្រោះកុមារដល់វ័យសិក្សាកាន់តែមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ចំពោះតម្រូវការទីផ្សារ ក៏ដូចជាសង្គម សុទ្ធតែទាមទាររកធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ដោយប្រការនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប៊ុនសន លោកបានកសាងអគារសិក្សា ចំនួន ៣៨០ខ្នង ស្មើនឹង ២,៣៨៦បន្ទប់ ក្នុងនោះ វិទ្យាល័យចំនួន ១១១ខ្នង ស្មើនឹង ៨៤៥បន្ទប់ អនុវិទ្យាល័យចំនួន៤៨ខ្នង ស្មើនឹង ២៩៩បន្ទប់ និងបឋមសិក្សា ចំនួន ២២១ខ្នង ស្មើនឹង ១២៤២បន្ទប់ និងបានបំពាក់សម្ភារតុ កៅអី សម្ភារ បរិក្ខារ មានម៉ាស៊ីនដេរ កុំព្យូទ័រ ដល់គ្រឹះស្ថានសិក្សានៅទូទាំងខេត្ត កំពង់ចាម ដើម្បីលើកកម្ពស់គុណភាពអប់រំឲ្យ មានតុល្យភាព សមស្របទៅនឹងការពង្រីកបរិមាណអប់រំ ផងដែរ ។
ក្នុងពិធីនោះដែរ ឯកឧត្តម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការ ក្រសួង អប់រំយុវជន និង កីឡា មានប្រសាសន៍ថា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា លោក មាន ចក្ខុវិស័យ ខ្ពស់ណាស់ ក្នុង ការ ដឹកនាំ បណ្តុះបណ្តាល ធនធាន មនុស្ស ដូច្នេះ សូម ឲ្យ លោកគ្រូ អ្នកគ្រូ បន្ត ការយកចិត្តទុកដាក់បំពេញការងារប្រកបដោយមនសិការរបស់ខ្លួន ជាពិសេស ត្រូវ ពង្រឹងគុណភាពអប់រំបន្ថែមទៀត ដេីម្បី កសាងធនធានមនុស្សប្រកបដោយភាពជោគជ័យ ។
ជាមួយគ្នានោះ លោក លី ម៉េងសាន ប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត កំពង់ចាម បានឲ្យដឹងថា ពានរង្វាន់ សម្តេច តេជោ សម្រាប់ លាភី គ្រូ បង្រៀន ល្អ និង គ្រូ បង្រៀន ឆ្នេីម ជាប់ ចំណាត់ ថ្នាក់ លេខ ៣ ទទួល បាន ថវិកា លេីក ទឹកចិត្ត ចំនួន ៣លានរៀល មាន ចំនួន ៣នាក់ សម្រាប់ លាភី អំណានចំណាត់ ថ្នាក់ លេខ ២ និង និពន្ធ រឿង ប្រលោម លោក ខ្លី ថ្នាក់ លេខ ៣ ទទួល បាន ថវិកា ២លានរៀល ចំនួន ២នាក់ ចំពោះការប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ជ័យលាភីលេខ ១ ទទួលបាន មេដាយមាស និងថវិកាលើកទឹកចិត្ត ៤លានរៀល បានទៅលើក្រុមយុវជននៅវិទ្យាល័យហ៊ុនសែនពាមជីកង ស្រុកកងមាស ដោយឡែក ការប្រកួតប្រជែងសិស្សពូកែគណិតវិទ្យា ទទួលជ័យលាភីមេដាយប្រាក់ ចំនួន ៤ មេដាយសំរឹទ្ឋ ៨ មេដាយកិត្តិយស ២២ បានទៅលើយុវសិស្សនៅវិទ្យាល័យហ៊ុនសែនកំពង់ចាម ។ ការប្រកួតប្រជែងសិស្សពូកែគណិតវិទ្យាការីប៊ូជុំទី១ និងជុំទី២ ទទួលជ័យលាភីមេដាយមាសចំនួន ២ ប្រាក់ចំនួន ៤ និងមេដាយសំរឹទ្ឋ ១៦ បានទៅលើ សិស្សបឋមសិក្សាអនុវត្ត ហ៊ុន សែន ក្រុងកំពង់ចាម ៕





































