កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សន្តិភាពត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ ហើយតម្លៃសន្តិភាពត្រូវបានចារិតទុកក្នុងក្រអៅបេះដូង និងជាសេចក្តីត្រូវការចាំបាច់បំផុតរបស់ប្រជាជនកម្ពុជាទាំងមូល។ ការថ្លែងយ៉ាងដូច្នេះក្នុងអង្គសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមការកំណត់ (UPR) ដែល បាន ធ្វើ ឡើង នាព្រឹក ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នៅ សាលា ខេត្តកំពង់ចាម ក្រោម វត្តមាន ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា និង ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន លេីកឡេីងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិភាព ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកិច្ចការទាំងនេះមិនត្រូវកាត់ផ្តាច់ ឬរំលងពីការគោរពសិទ្ធិមនុស្ស និងការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប នោះឡើយ ហេីយកិច្ចការទាំងនេះអាចប្រព្រឹត្តិទៅបាន គឺអាស្រ័យលើកត្តាសន្តិភាព ផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះគណៈ កម្មាធិការសិទ្ធិមនុស្ស កម្ពុជា ដែល បាន ជ្រើសរើសយកខេត្តកំពង់ចាម សម្រាប់ការរៀបចំសិក្ខាសាលានេះឡើង ក្នុងន័យ ផ្សព្វផ្សាយ ឱ្យ យើងទាំងអស់ គ្នា បានដឹងអំពីរបាយការណ៍ជាតិ និងអនុសាសន៍ នៃយន្តការជាសកលតាមកាលកំណត់ (UPR) ដែលជាយន្តការមួយ នៃ អង្គការសហប្រជាជាតិដែលពិនិត្យ លើគ្រប់វិស័យពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជារួមមាន សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានព័ត៌មាន ជាដើម។
ជាមួយគ្នានោះ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានលើកឡើងថា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា លោក យកចិត្តទុកដាក់ខ្លាំង ណាស់ អំពីសិទ្ធិ រស់រាន មាន ជីវិត បន្ទាប់ពីរំដោះ ប្រទេសជាតិ ចេញពី ភ្នក់ភ្លើង សង្គ្រាម ហើយ បាននាំមកនូវសុខសន្តិភាព ដោយ មានការ អភិវឌ្ឍន៍ លេី គ្រប់ វិស័យ ព្រមជាមួយ ការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស នីតិរដ្ឋ ផងដែរ ៕





































