សាលាដំបូងខេត្តព្រះវិហារ សម្រេចឃុំខ្លួនជនសង្ស័យជាឃាតករម្នាក់ ដែលបានប្រើប្រាស់អាវុធកែច្នៃ បាញ់សម្លាប់បុរសម្នាក់ទៀត បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម

0

ខេត្តព្រះវិហារ៖ ជនសង្ស័យជាឃាតករដៃដល់ម្នាក់ ត្រូវបានមន្ត្រីអនុវត្តច្បាប់ បញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តហើយ នៅល្ងាចថ្ងៃទី១៣ធ្នូឆ្នាំ២០២១នេះ ក្រោយតំណាងអយ្យការអមសាលាដំបូងខេត្ត បានធ្វើការចោទប្រកាន់ចំនួន ២បទល្មើស និងនៅក្រោយពីកម្លាំងសមត្ថកិច្ចខេត្ត ចុះឃាត់ខ្លួនបាន កាលពីព្រលប់ថ្ងៃទី១១ធ្នូឆ្នាំ២០២១ សង្ស័យពាក់ព័ន្ធក្នុងអំពើឃាតកម្មលើបុរសម្នាក់ កាលពីថ្ងៃទី១០ធ្នូឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ព្រះរាជអាជ្ញារង និងជាមន្ត្រីនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ​ លោក វុធ សាវី បានបញ្ជាក់ថា ជនសង្ស័យម្នាក់ឈ្មោះ ភោគ មើន អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានចោទប្រកាន់ ចំនួន ២បទល្មើស គឺ ១. ឃាតកម្មគិតទុកជាមុន និង ២.ប្រើប្រាស់អាវុធខុសច្បាប់ តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។ លោកថា ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះឃាត់ខ្លួនបាននៅព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ក្នុងករណីសង្ស័យពាក់ព័ន្ធរឿងឃាតកម្ម សម្លាប់បុរសម្នាក់ នៅស្រុកគូលែន។

លោក វុធ សាវី បានបន្តទៀតថា យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ បានចែងថា ឃាតកម្មគិតទុកជាមុន ជាអំពើសម្លាប់មនុស្សគិតទុកជាមុន ឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើង មុនអំពើបៀតបៀនទៅលើរូបបុគ្គល ដែលជាជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀន ទៅលើរូបបុគ្គលជាជនរងគ្រោះ ហើយករណីឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

ចំពោះមាត្រា ២០ នៃក្រមព្រហ្មទណ្ឌ ជនណាដែលបំពាក់ ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ទិញ ឲ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃ តម្លើង ជួសជុល នូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០ម៉ឺនរៀល ដល់ ២លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មានអំពើឃាតកម្មបាញ់សម្លាប់លើបុរសម្នាក់ បណ្តាល់ឲ្យស្លាប់នៅហ្នឹងកន្លែង ពីជនមិនស្គាល់អត្តសញ្ញាណ ស្ថិតនៅក្នុងភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ក្រោយពីហេតុការណ៍ដែលបានកើតឡើងនោះមក  កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញបានបន្តបើកការស្រាវជ្រាវ លើករណីឃាតកម្មនោះ រហូតឈានទៅដល់កំណត់បាននូវមុខសញ្ញា និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតអាវុធកែច្នៃ ១ដើម ប្រភេទកាប៊ីន ថែមទៀតផង។

ជនសង្ស័យបានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចថា ខ្លួនគេពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធកែច្នៃប្រភេទកាប៊ីន លួចបាញ់ទៅលើជនរងគ្រោះ ឈ្មោះ ឃត់ ឡូញ ភេទប្រុស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នោះ ពិតប្រាកដមែន ដោយសាររឿងគំនុំ។

ក្រោយការកើតឡើង នៃអំពើឃាតកម្មនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ​បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារទាំងអស់ ឲ្យចូលរួមសហការជាមួយសមត្ថកិច្ច នៅក្នុងការផ្តល់ព័ត៌មាន ឬភ្ញាក់រលឹក ក្នុងការប្រគល់អាវុធគ្រាប់រំសេវគ្រប់ប្រភេទ ដល់អាជ្ញាធរមានសមត្ថកិច្ច ទើបជៀសផុតពីគ្រោះថ្នាក់ និងមិនប្រឈមចំពោះមុខច្បាប់។

ទីបំផុត ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ កម្លាំងនគរបាលខេត្ត ជនសង្ស័យជាឃាតករលាក់មុខ ត្រូវបានវែកមុខ និងចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់នោះហើយ៕ ដោយ៖ឡុង សំបូរ