រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលសាងសង់ឡើងក្នុងតម្លៃទឹកប្រាក់ ១៨០លានដុល្លារ ស្ថិតសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ នៅកណ្តាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ។
សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ជាសណ្ឋាគារយីហោ «ហៃយ៉ាត់» ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅចំតំបន់ពាណិជ្ជកម្ម និងតំបន់វប្បធម៌ក្នុងរាជធានីភ្នំពេញ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង។
សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន បានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន ជីប ម៉ុង បានបោះជំហានចូលក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច តាមរយៈការនាំយកយីហោសណ្ឋាគារលំដាប់អន្តរជាតិ «ហៃយ៉ាត់ រីជិនស៊ី» ដ៏ល្បីរបស់សហរដ្ឋអាមេរិក មកក្នុងប្រទេសកម្ពុជា។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី» គឺជាពាណិជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើរេសិន» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក កំពុងប្រតិបត្តិការសណ្ឋាគារជាង ៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណិតចំនួន២១។
អ្នកឧកញ៉ា បានឱ្យដឹងទៀតថា ក្រុមហ៊ុនបានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់សណ្ឋាគារ នាដើមឆ្នាំ២០១៧ ហើយបញ្ចប់ការសាងសង់គ្រោងអគារទាំងមូល នាពាក់កណ្តាលឆ្នាំ២០១៩។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» បានបញ្ចប់ការសាងសង់ស្ថាពរ និងដំណើរការសាកល្បងនៅដើមឆ្នាំ២០២១ ដោយត្រូវបានសាងសង់លើផ្ទៃដីទំហំ ៧,០៣១ម៉ែត្រក្រឡា ស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ដោយប្រើប្រាស់ថវិការវិនិយោគសរុបចំនួន ១៨០លានដុល្លារអាមេរិក ទាំងថ្លៃដី និងថ្លៃសាងសង់សំណង់។
សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយនិងទំនើបសម្រាប់រៀបចំកម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។
រាជធានីភ្នំពេញ គឺជាទីក្រុងមួយដ៏ស្ងប់ស្ងាត់ និងឯកោបំផុតនៅក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាអ្នកដឹកនាំដទៃទៀតមកពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងស្វែងរកសុខសន្តិភាព និងកសាងប្រទេសឱ្យចម្រើនលូតលាស់ជាបន្តបន្ទាប់។
ក្រោមកិច្ចប្រឹងប្រែងលើការកសាងរបស់ រាជរដ្ឋាភិបាល ក្រោមវត្តមាន សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ បានធ្វើឱ្យរាជធានីភ្នំពេញ ប្រែក្លាយពីទីក្រុងដ៏ស្ងប់ស្ងាត់ ឬទីក្រុងខ្មោចក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងក្រោយរំដោះនោះ ប្រែមុខមាត់ថ្មីកាន់តែស្រស់បំព្រង។ រាជធានីភ្នំពេញ បានក្លាយទៅជាបេះដូងនៃប្រជាជាតិកម្ពុជា ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជ វប្បធម៌ និងទេសចរណ៍ដ៏ទាក់ទាញ។
សូមជម្រាបថា នៅរាជធានីភ្នំពេញ មានសណ្ឋាគារសរុបចំនួន ៤៩ទីតាំង ស្មើនឹង ៧,៥០១បន្ទប់ និងបុគ្គលិកបម្រើការសរុប ៨៦១៣នាក់ ក្នុងនោះស្រីសរុប ២,៩៥៩នាក់ រួមមាន៖
* ចំណាត់ថ្នាក់ផ្កាយ៥ មានសរុប ០៨ទីតាំង ស្មើនឹង ៣,៤៥១បន្ទប់ និងមានបុគ្គលិកបម្រើការសរុប ៦,២២២នាក់ ក្នុងនោះស្រីសរុប ១,៩១៨នាក់ * ចំណាត់ថ្នាក់ផ្កាយ៤ មានសរុប ១០ទីតាំង ស្មើនឹង ១,៧១៧បន្ទប់ និងមានបុគ្គលិកបម្រើការសរុប ១,១៥៦នាក់ ក្នុងនោះស្រីសរុប ៤១១នាក់ * ចំណាត់ថ្នាក់ផ្កាយ៣ មានសរុប ១៥ទីតាំង ស្មើនឹង ១,៤៤៦បន្ទប់ និងមានបុគ្គលិកបម្រើការសរុប ៩១២នាក់ ក្នុងនោះស្រីសរុប ៤៦៥នាក់* ចំណាត់ថ្នាក់ផ្កាយ២ មានសរុប ០៨ទីតាំង ស្មើនឹង ៤៧៧បន្ទប់ និងមានបុគ្គលិកបម្រើការសរុប ១៧៥នាក់ ក្នុងនោះស្រីសរុប ៧៩នាក់* ចំណាត់ថ្នាក់ផ្កាយ១ មានសរុប ០៨ទីតាំង ស្មើនឹង ៤១០បន្ទប់ និងមានបុគ្គលិកបម្រើការសរុប ១៤៨នាក់ ក្នុងនោះស្រីសរុប ៨៦នាក់៕