ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ចូលបង់ពន្ធជូនរដ្ឋ ដើម្បីទទួលបានការអនុគ្រោះ១០ភាគ គិតត្រឹមបំណាច់ខែធ្នូនេះ

0

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារ ដោយធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់រថយន្ត ដែលមិនទាន់បង់ពន្ធ ពិសេស រថយន្តចង្កូតស្តាំ ត្រូវរួសរាន់មកបង់ពន្ធជូនរដ្ឋ ដើម្បីទទួលបានការអនុគ្រោះពន្ធ ១០ភាគរយ នៅមុនដំណាច់ឆ្នាំ២០២១នេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ស្ថិតនៅសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ។

សម្តេចបានមានប្រសាសន៍ថា ម្ចាស់រថយន្ដដែលមិនទាន់បានបង់ពន្ធ ត្រូវមកបង់ពន្ធឱ្យបានរួសរាន់ ដើម្បីទទួលបាននូវភាពអនុគ្រោះ១០ភាគរយ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ គឺនៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ ខណៈរថយន្ដចង្កូតស្ដាំ ក៏មិនឱ្យមានវត្ដមានបើកបរនៅលើផ្លូវផងដែរ។

សម្ដេចតេជោបានមានប្រសាសន៍ទៀតថា “ខ្ញុំបានបញ្ជាក់ហើយ មិនឱ្យមានព្រឹត្តិការណ៍កើតឡើងច្រំដែល កើតឡើងតទៅទៀតនោះទេ លើបញ្ហារថយន្ដមិនបង់ពន្ធជ្រកក្រោមស្លាកលេខនេះ ឬស្លាកលេខនោះ ហើយក៏មិនឱ្យមានវត្តមានរថយន្ដចង្កួតស្ដាំ ចរាចរបើកលើផ្លូវ មិនថាផ្លូវជាតិ ឬផ្លូវលំ ត្រូវកែវាទៅឆ្វេងទាំងអស់”។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺត្រូវបង់ពន្ធពេញ ដោយមិនទទួលបានការអនុគ្រោះពន្ធ ១០ភាគរយទៀតនោះទេ ពីព្រោះរឿងនេះ ជារឿងរកស៊ី យកឡានមកជិះអត់ពន្ធ ត្រូវចូលមកបង់ពន្ធ នឹងទទួលបានការអនុគ្រោះ១០ភាគរយ”។

គួររំលឹកថា អនុលោមតាមលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងយោងតាមសេចក្តីជូនដំណឹងលេខ ១៩៨៣/២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាស្តីពីការអនុវត្តគោលការណ៍ និងយន្តការ នៃការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលកំពុងជ្រកក្រោមស្លាកលេខផ្សេងៗ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការរំលឹកដល់ម្ចាស់រថយន្តពាក់ព័ន្ធ មេត្តាជ្រាបថា ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០ភាគរយ សម្រាប់រថយន្តចង្កូតស្តាំ នឹងត្រូវដល់ឱសានវាទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕