អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ប្រវែង ជាង ២០០០ម៉ែត្រ នៅស្រុកស្ទឹងត្រង់

កំពង់ចាម : ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកជំទាវ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ប្រវែង ២.១៥៨ម៉ែត្រ ស្ថិតនៅក្នុងភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម មានប្រសាសន៍ថា ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ជាអាទិភាព ៖ មនុស្ស ទឹក ភ្លើង និង ផ្លូវ ។ «មានផ្លូវ គឺមានសង្ឃឹម» ។ យ៉ាងណាមិញ ដោយពិនិត្យ ឃើញការលំបាក និងឆ្លើយតបទៅនឹងតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ ឯកឧត្ដមផ្ទាល់ ក៏បានដឹកនាំក្រុមការងារ សម្រេចកសាងផ្លូវ ១ខ្សែ នេះឡើង ដើម្បី សម្រួល ដល់ ជីវភាព រស់នៅ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។
នាឱកាសនោះដែរ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បាន ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ការ ខិតខំ ប្រឹងប្រែង របស់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ នៅអមសង្ខាងផ្លូវ ដែលបានសហការគ្នាល្អ ហើយបានចូលរួមសម្បទានដីកម្មសិទ្ធរបស់ខ្លួន តាមស្ថានភាពជាក់ស្ដែង ធ្វើយ៉ាងណា ឲ្យកិច្ចដំណើរការ សាងសង់ ផ្លូវ ១ខ្សែនេះ បានរលូនទៅមុខ ដើម្បីយើងទាំងអស់គ្នា ទទួលបានសមិទ្ធផល ទុកប្រើប្រាស់ទាំងអស់គ្នា ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ណេង ក៏បានផ្ដាំផ្ញើដល់ក្រុមជាង យកចិត្តទុកដាក់ខ្ពស់ ចំពោះ កិច្ចការរបស់ខ្លួន ដោយធ្វើយ៉ាងណា អនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដើម្បី ធានាដល់ការប្រើប្រាស់បានយូរអង្វែង ។ ជាមួយគ្នានេះដែរ អ្នកតំណាងរាស្រ្ត ក៏បានអំពាវនាវដល់ ពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ជាពិសេស ការចូលរួមបន្ត អនុវត្ត វិធានការសុខាភិបាល «៣ការពារ ៣កុំ» ដើម្បី ការពារ កុំឲ្យ ឆ្លង ជម្ងឺ កូវីដ ១៩ ក្នុងរលកថ្មី ក៏ដូចជា ជៀសផុតពីមេរោគបម្លែងថ្មី គ្រប់ៗគ្នា ៕