ការ ស្ថាបនា ផ្លូវ ក្រាល កៅស៊ូ ប្រវែង ជិត ៣គីឡូម៉ែត្រ គិតជាថវិកាជាង៣០ម៉ឺន ដុល្លារ ដើម្បី កាត់បន្ថយ ភាព ក្រីក្រ របស់ ប្រជាពលរដ្ឋ

កំពង់ចាម : ក្នុង ពិធី បេីក ការដ្ឋាន ស្ថាបនា ផ្លូវ ក្រាល កៅស៊ូ ១ខ្សែ ប្រវែង២.៦៩៧ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិត នៅ ក្នុង ឃុំ ពង្រ និង ឃុំ មហាលាភ ស្រុកកោះសូទិន នាព្រឹក ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែង ប្រាប់ ប្រជាពលរដ្ឋ ថា សូមឲ្យ មាន ការ ជឿ ទុកចិត្ត លេី អាជ្ញាធរ ដែលបាន ខិតខំ ប្រឹងប្រែង ធ្វើការ បម្រើ ពុកម៉ែ បងប្អូន ដោយ មិន គិត ពី ការ នឿយហត់ ដេីម្បី ចូលរួម អភិវឌ្ឍន៍ មូលដ្ឋាន យេីង ឲ្យ មាន ការ រីកចម្រើន ជាក់ស្ដែង ថ្ងៃ នេះ យើង បាន បេីក ការដ្ឋាន ស្ថាបនា ផ្លូវ ក្រាល កៅស៊ូ ប្រវែង ជិត ៣គីឡូម៉ែត្រ គិតជា ថវិកា ប្រមាណ ៣១ម៉ឺន ដុល្លារ ដើម្បី កាត់បន្ថយ ភាព ក្រីក្រ របស់ ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាតិ ។

ក្នុង ពិធី នេះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គម្រោង ស្ថាបនា ផ្លូវ កៅស៊ូ នេះ ពិត ជា សារៈប្រយោជន៍ សំខាន់ ខ្លាំង ណាស់ សម្រាប់ បងប្អូន ប្រជាពលរដ្ឋ នៅ ក្នុង មូលដ្ឋាន ក៏ដូចជា អ្នក ប្រើប្រាស់ ផ្លូវថ្នល់ ទាំង អស់ ជាពិសេស បម្រើ ឲ្យ ការ ដឹកជញ្ជូន កសិផល ទៅ កាន់ ទីផ្សារ ដែល ងាយស្រួល ក្នុង ការ ធ្វើ ដំណើរ ។ ដោយការ ស្ថាបនា ផ្លូវ ក្រាលកៅស៊ូ ១ខ្សែនេះ មាន រយៈ ពេល ៥ខែ ដូច្នេះ សូមឲ្យ ពុកម៉ែ បងប្អូន មាន ការ យោគយល់ និង ចូលរួម ដោះស្រាយ បញ្ហា ផល ប៉ះពាល់ ខ្លះៗ ផង ។ លេីសពីនោះពេលដែល បាន ផ្លូវ ល្អ ប្រេីប្រាស់ ហើយ សូម លោកយាយ លោកតា ជួយ អប់រំ ណែនាំ ដល់ កូនចៅ ឲ្យ គាត់ បេីកបរ ដោយ គោរព ច្បាប់ ចរាចរណ៍ ផង ព្រោះ ប្រសិនបេីយេីងបេីកបរ មិន គោរព ច្បាប់ ចរាចរណ៍ ទេ នោះ គឺផ្លូវ នេះ នឹងមិន បានកាត់បន្ថយ ភាព ក្រីក្រ ទេ ព្រោះ ត្រូវ ចំណាយ ថវិកា ព្យាបាល របួស និង ខាតបង់ ទ្រព្យសម្បត្តិ ទៀតផង ។

ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ដែល មាន ឈ្មោះ ក្នុង បញ្ជី បោះឆ្នោត សូមអញ្ជើញ ទៅ បោះឆ្នោត ឲ្យ បាន គ្របៗ គ្នា នៅ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាង មុខ នេះ ក្រៅពីនោះ សូម ឲ្យ មាន ការ ថែទាំ សុខភាព គឺ ត្រូវ រក្សា អនាម័យ និង ប្រុងប្រយ័ត្ន ជានិច្ច ចំពោះ ការ ឆ្លង ជំងឺ កូវីដ -១៩ ដែល ត្រូវ អនុវត្ត វិធានការ ៣ការពារ ៣កុំ ចំពោះ អ្នក ដែល មិន ទាន់ បាន ចាក់ វ៉ាក់សាំង សូម នាំ គ្នា ទៅ ចាក់ វ៉ាក់សាំង ឲ្យ បាន គ្របៗ គ្នា ព្រោះ យើង ពិត ជា មាន សំណាង ណាស់ ដែល សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា លោក បាន ខិតខំ ខ្នះខ្នែង ក្នុង ការ បញ្ជាទិញយកវ៉ាក់សាំង ការពារ ជំងឺ កូវីដ -១៩ សម្រាប់ ចាក់ ជូន ប្រជាពលរដ្ឋ យើង ស្រោចស្រព ពេញផ្ទៃ ប្រទេស ។

គួរ បញ្ជាក់ ថា នេះជា គម្រោង ស្ថាបនា ផ្លូវ ក្រាលកៅស៊ូ ពី ជាន់ ប្រភេទ (DBST) ប្រវែង ២.៦៩៧ ម៉ែត្រ ទទឹង ៥ម៉ែត្រ ឆ្លងកាត់ ៦ភូមិ ក្នុង ឃុំ ពង្រ និង ឃុំ មហាលាភ ស្រុកកោះសូទិន ក្រោម ក្របខ័ណ្ឌ កាត់បន្ថយ ភាព ក្រីក្រ និង អនុវត្ត កសិកម្ម ខ្នាត តូច តំបន់ ទន្លេ សាប ជំហាន ២ ដែលមានអ្នកទទួលផល សរុប ៣.៤៥៩នាក់ ស្មើនឹង ៩៤៦គ្រួសារ ៕