ខេត្តបាត់ដំបង: មណ្ឌលទទួលពលករស្រុកកំរៀង ដែលជាមណ្ឌលទីពីរនៅប្រទេសកម្ពុជា ស្ថិតនៅស្រុកកំរៀងខេត្តបាត់ដំបង ដែលត្រូវចំណាយជាង១០ម៉ឺនដុល្លារ ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិតីភាព សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើរជួញដូរមនុស្ស ។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានអោយដឹងថា មណ្ឌលទទួលពលករ កំរៀង នេះ.គឺជាទីតាំង សម្រាប់ទទួលពលករដែលវិលត្រឡប់ អោយទទួលនូវកន្លែងសំចត ,ព័ត៌មាន ,សេវាកម្មចាំបាច់ បន្ទាន់ សេវាបញ្ជូនក៏ដូចជាពេលវេលាសម្រាប់ការកំណត់អត្តសញ្ញាណរកជនរងគ្រោះ ដោយអំពើរជួញដូរមនុស្ស ដើម្បីបានផ្តល់សេវាសមស្រប និង អាចបញ្ជូនបន្តរកសេវាច្បាប់ សេវាសង្គម និង សេវាសេដ្ឋកិច្ចដ៏ទៃទៀត សម្រាប់ជាមធ្យោបាយផ្តល់កិច្ចការពារដល់ជនរងគ្រោះ ។
លោកជំទាវបន្ថែមថា មានអង្គការដៃគូរជាច្រើនដែលបានធ្វើការងារពាក់ព័ន្ធនឹងការប្រយុទ្ធ ប្រឆាំងអំពើជួញ ដូរមនុស្ស ពិសេសការងារសេវាកម្មឆ្លើយតបទៅនឹងកិច្ចការពារ ជនរងគ្រោះនិងការ បង្ការទប់ស្កាត់ភាពរងគ្រោះដោយអំពើជួញដូរមនុស្សនិងមានគោលដៅការងារនៅតាមបណ្តាខេត្តជាប់ព្រំដែន បានចូលរួមសហការជាមួយមណ្ឌលទទួលពលករកំរៀងនេះផងដែរ ។
លោកជំទាវចាត់ទុកមណ្ឌលទទួលពលករកំរៀងដែលដាក់សម្ពោធនេះអាចជាមណ្ឌលទទួលពលករទី២ របស់រាជរដ្ឋាភិបាលបន្ទាប់ពីមណ្ឌលនៅប៉ោយប៉ែត ។
លោក Marc Gloekler នាយកប្រចាំប្រទេសកម្ពុជាអង្គការការីតាស ស្វីស បានអោយដឹងថាមណ្ឌល ទទួលពលករកំរៀងនេះបង្កើតឡើងដោយការីតាសស្វីស តាមការស្នើសុំពិសេស និង សហការ យ៉ាងជិតស្និតជាមួយគណកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស(NCCT) ។
មណ្ឌលនេះ មាន បណ្តាល័យធនធាន ឯកសារច្បាប់ និងជំនួយសង្រោះបន្ទាន់ដល់ជន ចំណាកស្រុកដែល ត្រូវបាននិរទេស ប្រតិបត្តិការផ្សព្វផ្សាយទៅកាន់៥១ភូមិនៃស្រុកកំរៀង និង កន្លែងបណ្តុះបណ្តាល សម្រាប់អាជ្ញាធរមូលដ្ឋានមកពីខេត្តសំខាន់ៗចំនួន ៤ ជាប់ព្រំដែនប្រទេសថៃ។ហើយមណ្ឌលនេះបង្កើតឡើងអោយក្លាយជាមណ្ឌលគំរូថ្នាក់ជាតិដើម្បីគាំទ្រដល់ជនចំណាកស្រុកនៅតាមព្រំដែន។
យោងតាមរបាយការណ៍ គិតពីដើមឆ្នាំ២០២០រហូតដល់ចុងឆ្នាំ២០២១ ប្រជាជនកម្ពុជា ដែលបាន ធ្វើទេសន្តរប្រវេស ទៅក្រៅ ប្រទេសដែល បានវិលត្រឡប់មកភូមិស្រុកវិញជាង២៦ម៉ឺននាក់ ដែលបានទទួលយ៉ាងយកចិត្តទុកដាក់ បើទោះបីជាការវិលត្រឡប់នេះ មិនមានការបញ្ជូន ជាផ្លូវការតាមច្រកទ្វារអន្តរជាតិនិងមានភាពរាយប៉ាយតាមខ្សែបន្ទាប់ព្រំដែនទាំងយប់ទាំងថ្ងៃ ស្របពេលដែលការ ឆ្លងរាលដាលជម្ងឺកូវីដ១៩បាននឹង កំពុងមានសន្ទុះ ខ្លាំងខ្លា ពិបាកគ្រប់គ្រង និង មិនទាន់់មានថ្នាំព្យាបាល រឺវ៉ាក់សាំងការពារក៏ដោយ ៕ អត្ថបទ : ព្រាប.ស








































