ភ្នំពេញៈ ការប្រកួតបាល់ទាត់ជាក្ខណៈមិត្តភាពក្របខណ្ឌធនាគារអេស៊ីលីដា ដែលបានដំណើរការប្រកួតនៅលើទីលានសកលវិទ្យាល័យមេគង្គកម្ពុជា កាលពីចុងសប្តាហ៍នោះ គឺក្រុមការិយាល័យកណ្តាលគ្រុបស៊ី បានយកឈ្នះក្រុមសាខាចោមចៅ ៣ទល់នឹង២ និងក្រុមសាខាពោធិ៍ចិនតុង ចាញ់ក្រុមសាខា ផ្សារដើមថ្កូវ០ទល់នឹង៥ ។ 
ជាមួយនឹងការប្រកួតពេញមួយព្រឹកនោះ កីឡាកររបស់ក្រុមនីមួយៗ បានប្រកួតគ្នាយ៉ាងសប្បាយរីករាយ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកខ្ពស់ ក្នុងន័យរឹតចំណងមិត្តភាពសាមគ្គីភាព រវាងបុគ្គលិកដែលជាកីឡាកររបស់ក្រុមកីឡាបាល់ទាត់ធនាគារអេស៊ីលីដា នៅតាមបណ្តាសាខាផ្សេងៗគ្នា ហើយវាក៏ជាការចូលរួមចំណែកយ៉ាងសំខាន់មួយ ក្នុងការបំផុសវ័យកីឡាបាល់ទាត់ក្នុងស្រទាប់យុវជន មហាជន ឱ្យងាកមកលេងកីឡាដើម្បីសុខុមាលភាព ជៀសវាងប្រើប្រាស់ពេលវេលាទំនេរពីការងារ ឬការសិក្សាទៅប្រព្រឹត្តិអំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ។
គួររំលឹកផងដែរថា បច្ចុប្បន្នកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែមានការរីកចំរើន និងទទួលបានការគាំទ្រពីសំណាក់យុវជន មហាជនពីគ្រប់មជ្ឍដ្ឋាន នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបធ្វើឱ្យវិស័យកីឡាគឺជាផ្នែកមួយយ៉ាងសំខាន់ និងជាកំលាំងចលនាដ៏ខ្លាំងក្លាក្នុងការជួយជំរុញឲ្យសង្គមមានការអភិវឌ្ឍន៍រីកចម្រើន ៕






































