ខេត្តព្រះវិហារ៖ កម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន ខេត្តព្រះវិហារ ស្ទាក់ចាប់រថយន្តដឹកជញ្ជូនឈើ ១គ្រឿង ដែលគេដឹងថា ជារថយន្តដឹកឈើរបស់មេឈ្មួញចាស់វស្សាម្នាក់ ឈ្មោះ ព្រុំ វុទ្ធី ដែលការបង្ក្រាបនោះ បានធ្វើឡើងកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងដែនដីរដ្ឋបាលស្រុកជ័យសែន ខេត្តព្រះវិហារ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកឈើ ១គ្រឿង ដែលរងការបង្ក្រាបពីកម្លាំងសមត្ថកិច្ចស្រុកជ័យសែននោះ ជាប្រភេទតៃសាន់ ព័ណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-7891 ដឹកឈើអារពេញណែន ជារបស់មេឈ្មួញជើងខ្លាំងម្នាក់ ឈ្មោះ ព្រុំ វុទ្ធី ហៅ ធីម្រេច ឬ ធីពុករលួយ។ លោកព្រុំ វុទ្ធី តែងប្រើប្រាស់រថយន្តប្រភេទនេះ ដោយធ្វើសកម្មភាពប្រមូល និងដឹកជញ្ជូនឈើ ចេញពីភូមិចំនួន ៤ នៅក្នុងភូមិសាស្ត្រស្រុកជ័យសែន គឺ ភូមិភ្ញាក់រលឹក ភូមិស្រែវាល ភូមិធ្មារ និងភូមិចំរើន ស្ទើរគ្មានថ្ងៃលោះនោះទេ គឺដឹកចេញទាំងថ្ងៃចេស ឆ្លងកាត់ដែនសមត្ថកិច្ចស្រុករវៀង ប៉ុស្តិ៍ត្រួតពិនិត្យ និងស្នាក់ការព្រំប្រទល់ព្រះវិហារ-កំពង់ធំ នាំយកឈើទាំងនោះទៅលក់នៅក្នុងខេត្តកំពង់ធំ បានយ៉ាងរលូន ដោយពុំមានសមត្ថកិច្ចណា ហ៊ានចេញមុខមកបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ របស់មេឈ្មួញ ព្រុំ វុទ្ធី នេះទេ។ ប៉ុន្តែ នៅថ្ងៃ២១ធ្នូម្សិលមិញនោះ រថយន្តដឹកឈើរបស់ លោក ព្រុំ វុទ្ធី ត្រូវបានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បង្ក្រាបបានហើយ។ រីឯការបង្ក្រាបនោះ គេពុំទាន់ដឹងថា តើនឹងមានការអន្តរាគមន៍ដោះលែងវិញ ឬយ៉ាងណានោះដែរ ព្រោះមេឈ្មួញ ព្រុំ វុទ្ធី នរណាក៏ដឹងដែរថា អាចនឹងមានខ្នងបង្អែកធំឈរនៅពីក្រោយ នៃសកម្មភាពដឹកជញ្ជូនឈើនោះ។
ក្រោយការបង្ក្រាប សមត្ថកិច្ចបាននាំយករថយន្តដឹកជញ្ជូនឈើ របស់មេឈ្មួញ ព្រុំ វុទ្ធី ទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ហើយរហូតមកដល់ពេលនេះ គេនៅពុំទាន់ដឹងថា ឈើនៅក្នុងរថយន្តនោះ មានចំនួនប៉ុន្មានសន្លឹក និងម៉ែត្រគូបនៅឡើយទេ។
គួររំលឹកថា នៅរយៈកាលកន្លងមក មន្ត្រីព្រៃឈើធ្លាប់បានចាប់រថយន្តដឹកឈើរបស់ មេឈ្មួញ ព្រុំ វុទ្ធី នេះម្តងរួចមកហើយ តែការបង្ក្រាបនោះ មិនបានប៉ុន្មានផង ក៏ត្រូវអ្នកធំមានអំណាច អន្តរាគមន៍ដោះលែងវិញ និងក្រោយការដោះលែង មេឈ្មួញ ព្រុំ វុទ្ធី បានបន្តសកម្មភាពដឹកជញ្ជូនឈើ បានយ៉ាងរលូនជាដដែល ដោយគ្មានការកោតញញើត ឬខ្លាចប្រឈមចំពោះច្បាប់ទាល់តែសោះ។
គេនៅរង់ចាំមើលថាតើ ការបង្ក្រាបរថយន្តរបស់មេឈ្មួញ ព្រុំ វុទ្ធី នៅលើកនេះ មានការអន្តរាគមន៍ដោះលែង ពីអ្នកធំទៀត ដែរឬយ៉ាងណា?៕