ខេត្តបាត់ដំបង: ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ មន្ទីរអប់រំយុវជន និងកិឡា ខេត្តបាត់ដំបង បានរៀបចំមណ្ឌលប្រលង សញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ១០ មណ្ឌល និងមានកន្លែងសម្រាប់សិស្សមកពីបណ្តាស្រុកឆ្ងាយៗ អោយស្នាក់នៅដោយឥតគិតថ្លៃចំនួន ៥ ទិតាំង ផងដែរ ។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកិឡា ខេត្តបាត់ដំបង បានបញ្ជាក់ថា កាលបរិច្ឆេទនៃការប្រលងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ និងប្រព្រឹត្តទៅចំនួន ២ ថ្ងៃ គឺថ្ងៃទី ២៧ និង ២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
លោកប្រធានមន្ទីរបានបន្តថា នៅឆ្នាំនេះ មន្ទីរបានរៀបចំមណ្ឌលសម្រាប់អោយសិស្សប្រលងមានចំនួន ១០ មណ្ឌល ដោយ៩មណ្ឌល នៅក្នុងក្រុងបាត់ដំបង និង១មណ្ឌល នៅក្នុងស្រុកសង្កែ គឺវិទ្យាល័យអន្លង់វិល ។
ដោយឡែកសម្រាប់ចំនួនសិស្សដែលត្រូវប្រលងយកសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំនេះ សរុបមានចំនួន ៧.០៣៦ នាក់ ( ស្រី ៣.៨៧៨ នាក់ ) ។ រីឯទីតាំងសម្រាប់អោយសិស្សដែលឡើងមកពីបណ្តាស្រុកឆ្ងាយៗស្នាក់នៅ គឺមន្ទីរបានសម្រេចយកសាលាបឋមសិក្សាដែលនៅក្បែរមណ្ឌលប្រលងចំនួន ៥ ទីតាំង គឺ ១.សាលាបឋមសិក្សា វត្តកំផែង ២.សាលាបឋមសិក្សា ហ៊ុន សែន អូរចារ ៣.សាលាបឋមសិក្សា ជ្រៃកោង ៤.សាលាបឋមសិក្សា ព្រែកព្រះស្តេច និង៥.សាលាបឋមសិក្សា ១៣មករា ។
លោកប្រធានមន្ទីរអប់រំ យុវជន និងកិឡា បានបញ្ជាក់យ៉ាងច្បាស់ថា សិស្សដែលមានបំណងចង់ស្នាក់នៅតាមទីតាំងដែលមន្ទីរបានកំណត់ ត្រូវឡើងមកមុន១ថ្ងៃ ដើម្បីទៅចុះឈ្មោះ ងាយស្រួលខាងមន្ទីរទាក់ទងទៅអាជ្ញាធរ ក្រុង-ខេត្ត ដាក់គ្រែ និងរៀបចំកន្លែងតម្រូវទៅតាមចំនួនសិស្សដែលបានស្នើសុំ ៕ អត្ថបទ : ព្រាប.ស





































