សិក្ខាសាលា ផ្សព្វផ្សាយ ច្បាប់ ស្ដីពី សវនកម្ម និង ស្ដង់ដារ សវនកម្ម សាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា តាម ប្រព័ន្ធ អនឡាញ (Zoom Meeting)

បន្ទាយមានជ័យ៖សិក្ខាសាលា ផ្សព្វផ្សាយ ច្បាប់ស្ដីពី សវនកម្ម និង ស្ដង់ដារ សវនកម្ម សាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា តាម ប្រព័ន្ធ អនឡាញ (Zoom Meeting) បានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត សោម គីមសួគ៌ មគ្គសវនករ នៃ អជ្ញាធរ សវនកម្ម ជាតិ នៅសាលប្រជុំ(ធំ) សាលាខេត្ត បន្ទាយមានជ័យ នាថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ ២០២១។ និងមានវត្តមានចូលរួមពី ឯកឧត្តម ខេង ស៊ុម ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ
ព្រមទាំងឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី អភិបាល- អភិបាល រងក្រុង ស្រុក ចៅសង្កាត់ មេឃុំ និងមន្ទីរ អង្គភាព ជុំវិញ ស្ថាប័នសាធារណៈខេត្ត ផងដែរ ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ៖សិក្ខាសាលានាពេលនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការផ្ដល់នូវចំណេះដឹងថ្មីបន្ថែមទៀត ដល់មន្ត្រីដែលប្រតិបត្តិការ ក្នុងស្ថាប័នរដ្ឋបាលសាធារណៈ នៅក្នុងខេត្តដើម្បីធ្វើឱ្យការត្រួតពិនិត្យលើកិច្ចប្រតិបត្តិការ និងកម្មវិធីរបស់ស្ថាប័នសាធារណៈ មានតម្លាភាព លើការប្រមូលចំណូល និងអនុវត្តចំណាយនៃថវិកាជាតិតាមដាន និងត្រួតពិនិត្យឡើងវិញនូវភាពត្រឹមត្រូវ សមស្របនៃរបាយ ការណ៍ហិរញ្ញវត្ថុ ព្រមទាំងពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃ ក្នុងរបស់បណ្ដាស្ថាប័នសាធារណៈ។
លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃ អជ្ញាធរ សវនកម្ម ជាតិបានលើកឡើងថា អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសាធារណៈ ឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារ ហើយមានភារកិច្ច ត្រួតពិនិត្យ ផ្ដល់យោបល់កែតម្រូវលើរាល់កំហុសឆ្គង របស់អង្គភាពសវនកម្ម និងធ្វើរបាយការណ៍លទ្ធផលការងារ របស់ខ្លួនជូនអង្គការនីតិបញ្ញត្ត ពោលគឺរដ្ឋសភា និងព្រឹត្តសភា។លោកជំទាវ បណ្ឌិត ក៏បានឱ្យដឹងទៀតថា អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នកំពូលដែលមិនអាចខ្វះបានក្នុងប្រទេសនីតិរដ្ឋ។ ហេតុដូចនេះអង្គ សិក្ខាសាលាពេលនេះ គឺផ្ដើមធ្វើឡើងក្នុងគោលបំណងចូលរួមជំរុញ និងបង្កើនសមត្ថភាពអោយយល់កាន់តែច្បាស់បន្ថែមទៀត ជូនដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលខេត្ត អំពីខ្លឹមសារច្បាប់ស្ដីពី សវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា សំដៅបង្កើនជំនឿចិត្ត លើកិច្ចការងាររបស់អាជ្ញាធរ សវនកម្មជាតិ ពីសំណាក់សាធារណៈជនជាតិ និងអន្តរជាតិលើការត្រួតពិត្យការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលប្រកបដោយយុត្តិធម៌ និងតម្លាភាព។
លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃ អជ្ញាធរ សវនកម្ម ជាតិ បានសំណូមពរផ្ដាំផ្ញើដល់សមាជិក អង្គសិក្ខាសាលាអោយយកចិត្តទុកដាក់ក្នុងការស្ដាប់កត់ត្រា និងលើកជាសំណួរ ដើម្បីទទួលបានចំណេះដឹងថ្មីៗថែមទៀត សម្រាប់មូលដ្ឋានជំរុញការអនុវត្តការងារជាក់ស្ដែងឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះលោក ព្រហ្ម វិចិត្រសុភ័ណ្ឌ ក៏បានធ្វើបទបង្ហាញស្ដីពី ច្បាប់សវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ចំណុច៤ សំខាន់ៗរួមមានទី១៖ សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ, ទី២៖ ហេតុអ្វីត្រូវមានច្បាប់ស្ដីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា, ទី៣៖ ខ្លឹមសារនៃច្បាប់សវនកម្ម្ម នៃព្រះរាជាណាចក្រកម្ពុជា និង៤៖ ស្ដង់ដារសវន កម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ឃិន គន្ធា