សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់និងរឹបអូសឈើអារជិត ១០ម៉ែត្រគូប គ្រាដែលក្រុមឈ្មួញដឹកយកមកលាក់ទុកនៅច្រាំងទន្លេ ក្បែរភូមិអ្នកស្រុកសៀមបូក

0

ខេត្តស្ទឹងត្រែង៖ឈើអារជិត ១០ម៉ែត្រគូប ដែលឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនចេញពីដែនព្រៃ យកមកទម្លាក់ទុកនៅច្រាំងទន្លេ ក្បែរភូមិអ្នកស្រុក ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ត ចុះបង្ក្រាប និងរឹបអូសបានកាលពីថ្ងៃទី២១ធ្នូឆ្នាំ២០២១ ស្ថិតនៅចំណុចអូរខ្មោច ក្រោយសាលាឃុំសៀមបូក ក្នុងភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចនៅក្នុងការបង្ក្រាបឈើនោះ បានបង្ហើបឲ្យដឹងថា ឈើអារដែលរងការបង្ក្រាបពីកម្លាំងសមត្ថកិច្ចនោះ គឺជាឈើប្រភេទលេខ២ មានប្រវែងចាប់ពី ៤ម៉ែត្រ ដល់៩ម៉ែត្រ មានច្រើនរយសន្លឹក និងបើតាមការប៉ាន់ប្រមាណ មានចំនួនមិនក្រោមពី៩ ទៅ១០ម៉ែត្រគូបត្រីគុណនោះទេ។

ឈើទាំងនេះត្រូវបានក្រុមឈ្មួញ ធ្វើសកម្មភាពដឹកជញ្ជូនចេញពីដែនព្រៃនានា នៅក្នុងភូមិសាស្ត្រស្រុកសៀមបូក យកមកទម្លាក់ទុកនៅច្រាំងទន្លេមួយកន្លែង ជិតភូមិអ្នកស្រុក និងបើតាមការសន្និដ្ឋាន ឈើទាំងនេះទំនងជាឈ្មួញ នឹងដឹកជញ្ជូនបន្តតាមទូក នាំយកទៅលក់នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ។

ទោះជាយ៉ាងណា ឈើអារដែលមានចំនួនជិត ១០ម៉ែត្រគូត្រីគុណ បានរងការបង្ក្រាប និងរឹបអូសពីកម្លាំងសមត្ថកិច្ចនោះហើយដែរ និងនៅថ្ងៃទី២២ធ្នូនេះ ឈើទាំងនោះត្រូវបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕