គ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តក្រឡាប់ខ្លួនឯង និងរថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ ក្នុងហេតុការពីរផ្សេងគ្នានៅយប់តែមួយ នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ មនុស្សពីរនាក់បានស្លាប់ នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅទីតាំង ២ដាច់ដោយឡែកពីគ្នា ក្នុងយប់តែមួយ រវាងរថយន្តនិងម៉ូតូ និងការបើកបររថយន្តបង្កការគ្រោះថ្នាក់ដោយខ្លួនឯង កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង បានបង្ហាញរបាយការណ៍ថា កាលពីយប់មិញនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងពីរករណី ដាច់ដោយឡែកពីគ្នា បណ្តាលឲ្យមនុស្សពីរបានស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។

ករណីទី១ ហេតុការក្រឡាប់រថយន្តបង្កឡើងដោយខ្លួនឯង នៅចំណុចជិតម៉ុងចិន នៅលើផ្លូវលំ ស្ថិតក្នុងភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ជនរងគ្រោះ ឈ្មោះ ហាក់ មេសា ភេទប្រុស អាយុ៥៧ឆ្នាំ មានមុខរបរជាវេជ្ជបណ្ឌិត គ្រូពេទ្យ និងជាប្រធានការិយាល័យស្រុកប្រតិបត្តិស្ទឹងត្រែង មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ជនរងគ្រោះជិះរថយន្ត Lexus GX 470 ​ពណ៌ស ពាក់ស្លាកលេខ ស្ទឹងត្រែង ២A-៣៧៧៩ ជាអ្នករួមដំណើរ (ស្លាប់)។ ចំណែក អ្នកបើកបររថយន្ត ឈ្មោះ ហេង គឹមសុង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅភូមិវាលដេញ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រងរបួសធ្ងន់។

ករណីទី២ បានកើតឡើង រវាងរថយន្តយីឌុប បុកជាមួយម៉ូតូ នៅចំណុចផ្លូវបំបែកជា៤ គីឡូម៉ែត្រលេខ៤ លើផ្លូវលេខ៦៤ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បណ្តាលឲ្យជនរងគ្រោះ ដែលជាអ្នកបើកបរម៉ូតូម៉ាកហុងដា សេ១២៥ ឈ្មោះ សិដ្ឋ ចាន់ថន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង។ ជនរងគ្រោះបានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ចំណែក អ្នកបើបរថយន្ត មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបររថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ ៣A- ៣១៦៧ បើកបរពីកើតទៅលិច បានបុកជាមួយអ្នកជិះម៉ូតូក្នុងទិសដៅពីលិចទៅកើត។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើសេចក្តីសន្និដ្ឋានថា អ្នកបើកបររថយន្តទាំងពីរករណីខាងលើ ពិតជាបានល្មើសច្បាប់ចរាចរណ៍ ដោយបើកបរក្នុងល្បឿនលឿន និងបើកបរលឿនក្នុងទីប្រជុំជន។

បច្ចុប្បន្ន គ្រោះថ្នាក់ទាំងពីរករណីនេះ គឺ ១.ករណីបង្កគ្រោះថ្នាក់ដោយខ្លួនឯង សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក ២.ករណី បើកបររថយន្តយីឌុប បុកម៉ូតូសេ ១២៥ សមត្ថកិច្ចនគរបាលជំនាញខេត្ត បានធ្វើការវាស់វែង និងនាំយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំការដោះស្រាយគ្នាជាក្រោយ៕