បាត់ដំបង៖ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណ ៨០០គ្រួសារ លើ ៣ភូមិ ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគីរី ខេត្ដបាត់ដំបង បានសំណូមពរទៅកាន់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធសូមជួយ កសាងផ្លូវប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកុំឱ្យមានសិស្សត្រូវបញ្ឈប់ការសិក្សាដោយសារផ្លូវលំបាក និងបង្ករការងាយស្រួលធ្វើដំណើរទៅកាន់មន្ទីរពេទ្យនៅពេលមានជំងឺឈឺថ្កាត់ និងពេលមានស្រ្តីសំរាលកូន។
លោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាបឋមសិក្សាចក្រីថ្លែងថា សព្វថ្ងៃពួកគាត់ជាគ្រូបង្រៀនមកពីចម្ងាយស្នាក់នៅសាលារៀនដោយសារសាលារៀនរបស់ពួកគាត់ស្ថិតនៅជនបទមានផ្លូវពិបាកធ្វើដំណើរទៅមក។
ក្រុមគ្រូបង្រៀនបន្តថា«រាល់ថ្ងៃការបង្រៀនត្រូវប្រើប្រព័ន្ធអ៊ីនធឺណេត ខណៈសាលាមួយនេះពុំមានសេវាទូរស័ព្ទនោះទេ ដូចនេះហើយពេលមានកិច្ចការត្រូវផ្ញើរឯកសារទៅកាន់មន្ទីរ ឬក្រសួងត្រូវធ្វើដំណើរទៅកាន់ជើងភ្នំបាសាក់ ដែលមានចម្ងាយប្រមាណ៤ ទៅ៥គីឡូម៉ែត្រ តែផ្លូវមួយខ្សែនេះពិបាកធ្វើដំណើរខ្លាំងណាស់»។
ក្រុមគ្រូបង្រៀនបន្ថែមថា «ផ្លូវដែលចេញពីសាលាទៅរកសេវាទូរស័ព្ទនៅរដូវប្រាំងមានជង្ហុក ដីហុយ បើរដូវវស្សាវិញមិនបាច់ធ្វើដំណើរទៅណាទេហើយដោយសារបញ្ហាផ្លូវលំបាកនេះបណ្ដាលឱ្យសិស្សជាច្រើនត្រូវសម្រេចចិត្ដបញ្ឈប់ការសិក្សានៅកំរិតអនុវិទ្យាល័យដោយពួកគាត់ធ្វើដំណើរទៅសិក្សាពុំកើត»។
ពលរដ្ឋក្នុងភូមិជនបទទាំង ៣ភូមិបានថ្លែងថា សព្វថ្ងៃពួកគាត់ជួបបញ្ហាជាច្រើនដោយសារផលលំបាកដោយសារផ្លូវមួយខ្សែរនេះ ។ ពលរដ្ឋបន្តថា «ពេលមានជំងឺឈឺថ្កាត់ ពិបាកក្នុងការដឹកអ្នកជំងឺទៅកាន់មណ្ឌលសុខភាពណាស់ ជាពិសេសនៅពេលមានអ្នកត្រូវសម្រាលកូនទម្រាំដឹកដល់មណ្ឌលសុខភាពពេលខ្លះត្រូវសម្រាលតាមផ្លូវក៏មាន»។ ពលរដ្ឋថា «គឺវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះផ្លូវរលាក់ បើខែវស្សាវិញរអិល អាចនឹងប៉ះពាល់ដល់កូនក្នុងពោះថែមទៀតផង» ។
ពាក់ព័ន្ធនឹងបញ្ហាផ្លូវនេះលោក ស៊ា ស៊ី មេឃុំបាសាក់បានថ្លែងឱ្យដឹងថា ផ្លូវក្នុងឃុំបាសាក់ទូទៅត្រូវបានខូចខាតដោយសារទឹកជំនន់នាពេលកន្លងមកពិតមែនហើយចំនុចដែលប្រជាពលរដ្ឋលើកឡើងនេះរដ្ឋបាលឃុំមានគម្រោងយកថវិកាអភិវឌ្ឍន៍ឃុំឆ្នាំ២០២២ ដើម្បីជួសជុលផងដែរ។
លោកមេឃុំបន្តថា «ថវិកាអភិវឌ្ឍន៍ឃុំទាំងអស់ប្រមាណ ២៦០លានរៀលគឺរដ្ឋបាលឃុំគ្រោងនឹងយកទៅដាក់ដេញថ្លៃជួសជុលផ្លូវចាប់ពីចំនុច លើខ្នងអាងបាសាក់ ឆ្លងកាត់ភូមិបាសាក់ ភូមិបោះដូង និងភូមិអូរំចេក ដែលមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ»។
លោកបញ្ជាក់ថា គម្រោងនេះពុំទាន់បានដាក់ដេញថ្លៃនៅឡើយទេ ហើយសម្រាប់ថវិកាអភិវឌ្ឍន៍ឃុំទាំងអស់មិនទាន់ដឹងថាអាចគ្រប់គ្រាន់សម្រាប់ជួសជុលផ្លូវប្រវែងប្រមាណ ៧គីឡូនេះផងដែរ។
គួបញ្ជាក់ថា ប្រជាពលរដ្ឋ ៣ភូមិ គឺភូមិបាសាក់ ភូមិអូររំចេក និងភូមិបោះដូង ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ ៨០០គ្រួសារ កំពុងរងផលលំបាកផ្សេងៗដោយសារផ្លូវមួយខ្សែមានប្រវែងប្រមាណ ៨០០០ម៉ែត្រ៕ អត្ថបទ : ព្រាប.ស





































