ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣ធ្នូឆ្នាំ២០២១នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនក្រុមគ្រួសារសព លោកវេជ្ជបណ្ឌិត ហាក់ មេសា ដែលបានរងគ្រោះរហូតបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដោយខ្លួនឯង កាលពីយប់ថ្ងៃទី២២ធ្នូឆ្នាំ២០២១ នៅជិតម៉ុងចិន លើផ្លូវលំ ស្ថិតក្នុងភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សារលិខិតរំលែកមរណទុក្ខរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានសរសេរថា លោក លោកស្រី ក្រុមគ្រួសារនៃសពជាទីគោរព ក្នុងនាមថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការក្នុងខេត្តស្ទឹងត្រែង ខ្ញុំនិងភរិយា មានក្តីក្តុកក្តួល រំជួលចិត្តឥតឧបមា និងក្តីសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ លោកវេជ្ជបណ្ឌិត ហាក់ មេសា ប្រធានការិយាល័យស្រុកប្រតិបត្តិស្ទឹងត្រែង នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២២ និង១៧នាទីយប់ ក្នុងជន្មាយុ ៤៨ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសប្រកបដោយសមានទុក្ខ ដ៏សែនក្រៀមក្រំនេះ រូបខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការទាំងអស់ នៃខេត្តស្ទឹងត្រែង សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសង្វេក សោកស្តាយ ស្រណោះ អាឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់ លោកវេជ្ជបណ្ឌិត ហាក់ មេសា ដែលជាមន្ត្រីមានស្នាដៃក្នុងការបំរើជាតិ មាតុភូមិ និងប្រជាជន និងជាការបាត់បង់ធនធានមនុស្សមួយរូប។ សូមដួងវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត ហាក់ មេសា បានទៅសោយសុខ និងចាប់កំណើតកើតជា ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ធ្នូនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បាននាំយកថវិកា និងអង្ករ មកឧបត្ថម្ភដល់ក្រុមគ្រួសារនៃសព លោកវេជ្ជបណ្ឌិត ហាក់ មេសា ដើម្បីចូលរួមរំលែក មរណទុក្ខដ៏សែនក្រៀមក្រំនេះ និងបានចូលរួមគោរពវិញ្ញាណក្ខន្ធសព ជាមួយក្រុមគ្រួសារនៃសព ថែមទៀតផង ៕