សម្ដេចក្រឡាហោម ស ខេង អញ្ជើញ ប្រារព្ធ ទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦ នៅខេត្តកំពង់ចាម

កំពង់ចាម : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញ ប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦។ ដែលបានរៀបចំឡេីងនាព្រឹក ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នៅ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពី សមាជិក សមាជិកាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ដ្រី រាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន.ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា ក្រុមយុវជនកាយរិទ្ធកម្ពុជា និងប្រជាពលរដ្ឋ ប្រមាណ ជា ៥០០នាក់ ។

ក្នុង ពិធីនេះដែរ សម្ដេចក្រឡាហោម ស ខេង បាន លេីកឡេីងថា តាមរយៈនៃការខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីតស៊ូទទួលខុសត្រូវរបស់យន្តការដឹកនាំ សុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់ លំដាប់ថ្នាក់ និងមន្ត្រី បំពេញ ភារកិច្ច នៅឆ្នាំ២០២០ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួស ចំនួន១,៤៥៥នាក់ស្មើ២៤% បើធៀបនឹងឆ្នាំ២០១៩។

សម្ដេចក្រឡាហោម បានបន្ដថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២០ យើងបន្តកាត់បន្ថយបានថែមទៀត នូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ចំនួន៥៣៣លើក ស្មើ១៨% កាត់បន្ថយអ្នកស្លាប់ ចំនួន១៦២នាក់ ស្មើ១១% និងកាត់បន្ថយអ្នករបួសចំនួន១,១២០នាក់ ស្មើ២៦%។ សរុបរយៈពេលជិត ២ឆ្នាំនេះ យើងកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បាន ចំនួន១,៤៧៥លើក បានសង្គ្រោះប្រជាពលរដ្ឋពីការបាត់បង់ជីវិតចំនួន៤៩៧នាក់ និងបានសង្គ្រោះពីការរងរបួសចំនួន២,៥៧៥នាក់។

ក្នុង ឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បាន ណែនាំ ដល់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ត្រូវបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាពឲ្យបានទូលំទូលាយទៅដល់គ្រប់វេទិកា និងនៅគ្រប់មូលដ្ឋាន។

ជាមួយគ្នា នោះ សម្ដេចក្រឡាហោម ក៏បាន ធ្វើការអំពាវនាវដល់ បងប្អូន ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមថែមទៀត ក្នុងការគោរពអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង ផ្ទាល់ ដេីម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយេីង ។

បន្ទាប់ ពី និមន្តព្រះសង្ឃរាប់បាត្រ និង បង្សុកូលឧទ្ទិសជូនដល់ជនរងគ្រោះដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញផ្តល់កិត្តិយសចែកមួកសុវត្ថិភាពដល់តំណាងអ្នកចូលរួមផងដែរ ៕