ផ្ទះ១ខ្នងត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ១គ្រួសារក្នុងស្រុកថ្មពួក

បន្ទាយមានជ័យ៖ផ្ទះថ្មី ១ខ្នងដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជូនគ្រួសារក្រីក្រ រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។
អញ្ជើញចូលរួមក្នុងការប្រគល់នេះ រួមមានលោក លី សារី អនុប្រធានអចិន្ត្រៃ សាខាកាកបាទក្រហមកម្ពុជា ខេត្ត និងជាអភិបាលរងខេត្តព្រមទាំងក្រុមការងារសាខាកាកបាទក្រហមខេត្ត អាជ្ញាធរស្រុក ឃុំ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់។
ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា៖ ផ្ទះថ្មីនៅចំពោះមុខនាពេលនេះ គឺជាផ្ទះមនុស្សធម៌ទី៧ហើយសម្រាប់ខេត្តបន្ទាយមានជ័យដែលមានលក្ខណៈសមរម្យហើយរឹងមាំដែលអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត ហើយពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ។ ហើយគោលការណ៍របស់កាកបាទក្រហមគឺអោយតែប្រជាពលរដ្ឋជួបនូវការលំបាកទីនោះគឺមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុល ឫនិន្នការនយោបាយអ្វីឡើយ ដូចមានទិសស្លោពោលថា (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាដោយមិនទុកនណាម្នាក់ចោលនោះឡើយ)។
ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖ អំណោយផ្ទះ១ខ្នងនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានសាងសង់រួចជាស្ថាពរ និងប្រគល់ជូនគ្រួសារក្រីក្រពិតប្រកដមានឈ្មោះ ធិប ឡោម អាយុ៥៣ ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ដែលផ្ទះទំហំ៤ម៉ែត្រ គុណ៧ម៉ែត្រ កម្ពស់៣.៨ម៉ែត្រ សង់ពីដែកISI ប្រក់សង័្កសី ជញ្ជាំងសង្ក័សី បាតចាក់សុីម៉ង់សង់ផ្ទាល់ដី ក្រោមជំនួយឧបត្ថម្ភថវិកាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានចំណាយថវិការអស់ប្រមាណជាង២៣៩០.១០ដុល្លា(មូលនិធិសាខា១០០%)។
ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារបានផ្តល់អំណោយឧបត្ថម្ភជូនគ្រួសារទទួលផ្ទះរួមមាន: អង្ករ ៥០ គីឡូក្រាម,ត្រីខ ១០កំប៉ុង,មី០១កេសតូច,ទឹកសុីអុីវ ០៦ដប, មុង១,ភួយ ១, សារុង០១,ក្រមា ០១,អាវយឺត០៥, ធុងទឹកជ័រចំណុះ ៦០លីត្រ១ ប្លាស្ទីក ០១ផ្ទាំង,កន្ទេលជ័រ០១,ឆ្នាំង ០២ ,ចានបាយ ០៥ និងស្លាបព្រាដែក០៥ ៕   ដោយ៖ឃិន គន្ធា