[Forwarded from Bounthon Yim] ឯកឧត្តម ណុប ចាន់ណារិន្ទ កោតសរសើរដល់ ក្រុមប្រឹក្សា សង្កាត់ផ្សារថ្មីទី១ ដែលបានជួយប្រជាជន ក្នុងមូលដ្ឋាន បានល្អ

ភ្នំពេញ: ឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមាជិក សមាជិការគណបក្សសង្កាត់ ដែលបានសហការបំពេញការងារជូនប្រជាជន និងបំរើនូវប្រយោជន៍សាធារណៈ បានល្អប្រសើរ ទាំងការងារសន្តិសុខ អនាម័យ សណ្តាប់ធ្នាប់ និងដោះស្រាយសេវាសាធារណៈ បានទាន់ពេលវេលា ។

ការលើកឡើងនេះ ខណៈឯកឧត្តម ណុប ចាន់ណារិន្ទ បានដឹកនាំប្រជុំមួយ តំណាងឲ្យឯកឧត្តម ស៊ាន វិសុទ្ធ ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារថ្មីទី១ ។

អង្គប្រជុំ បានស្តាប់របាយការណ៍របស់លោក ប៉ែន សារឿន ប្រធានគណបក្សសង្កាត់ស្តីទី និងស្តាប់របាយការណ៍បច្ចុប្បន្នភាពរបស់ប្រធានបក្សភូមិទាំង១១ ក៏ដូចជាសំណូមពរជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងបានស្តាប់បទអន្តរាគមន៍របស់ លោក សុខ កិមហេង និងលោកស្រី ប៉ុន ដានី អនុប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ផ្សារថ្មីទី១ ដោយបានធ្វើការវាយតំលៃនិងដាក់ចេញនូវផែនការយុទ្ធសាស្ត្រមួយចំនួនសម្រាប់តួនាទីភារកិច្ចដែលជាគោលដៅសំខាន់ៗ ក្នុងន័យបំរើប្រជាជន ឲ្យបានកាន់តែប្រសិទ្ធិភាព និងកាន់តែលឿន បង្កើនជំនឿជឿជាក់ដល់ប្រជាជនដោយស្មោះត្រង់ ស្របតាមទឹសស្លោកមួយពោលថាៈ នៅឲ្យប្រជាជនស្រឡាញ់ ចាកចេញទៅឲ្យប្រជាជនរលឹក ។ ជាមួយគ្នានេះ លោក សុខ កឹមហេង និងលោកស្រី ប៉ុន ដានី បានសំណូមពរធ្វើបច្ចុប្បន្នភាព លើកិច្ចសហការពីក្រុមការងារគណបក្ស ដើម្បីជួយឧត្ថម្ភដល់សកម្មជនគណបក្សនៅមូលដ្ឋាន ទៅតាមសំណូមពរ និងតំរូវការជាក់ស្តែង ។

ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារថ្មីទី១ បញ្ជាក់ថាៈ នឹងធ្វើរបាយការណ៍ស្តីពីកិច្ចប្រជុំពេលនេះដាក់ជូនឯកឧត្តម ស៊ាន វិសុទ្ធ ប្រធានក្រុមការងារដើម្បីពិនិត្យ និងរៀបចំប្រតិទិនសម្រាប់ឆ្ពោះយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់-ឃុំ នាខែមិថុនា ឆ្នាំ២០២២ ខាងមុខ ។

ទោះជាយ៉ាងណា ឯកឧត្តម ណុប ចាន់ណារិន្ទ បានដាក់ឲ្យគណបក្សសង្កាត់ ដោយមានសាខាបក្សភូមិទាំង១១ផងនោះ ត្រូវធ្វើបច្ចុប្បន្នភាពសមាជិកបក្សឲ្យបានច្បាស់លាស់ ដើម្បីកំណត់បានថា សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ គឺជាសន្លឹកឆ្នោតមួយសន្លឹក៕