ខេត្តកំពង់ធំ៖ សត្វព្រៃនិងសាច់សត្វព្រៃជាច្រើនប្រភេទ មានទម្ងន់ជិត ២០០គីឡូក្រាម ដែលឈ្មួញបាននាំយកមកស្តុកទុក គ្រោងដឹកចេញយកទៅលក់នៅលើទីផ្សារមានតម្លៃ ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត សហកការជាមួយមន្ត្រីផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ដែលមានការចូលរួមពី កម្លាំងយោធាវរៈសេនាតូចលេខ១ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថស្រុកសណ្តាន់ និងអង្គការថែរក្សាការពារធម្មជាតិ បានចុះបង្ក្រាបទីតាំងស្តុកសាច់សត្វព្រៃ ដឹកជញ្ជូនសត្វព្រៃ និងរាយអន្ទាក់ចាប់សត្វព្រៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
យោងតាមរបាយការណ៍របស់ ផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបពីកម្លាំងសមត្ថកិច្ចចម្រុះនោះ បានធ្វើឡើងនៅផ្ទះដែលមានម្ចាស់ ឈ្មោះ ឡាច យីម ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹង ឃុំមារិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
នៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតសត្វព្រៃសន្និធិ គ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ជាច្រើនប្រភេទ គឺ សត្វអណ្តើករស់ ១ក្បាល សត្វក្តាន់ញ៉ែងងាប់ ១ក្បាល សាច់ប្រម៉ាស្រស់ទម្ងន់ ១៣គីឡូក្រាម សាច់ជ្រូកព្រៃស្រស់ទម្ងន់ ៧៦គីឡូក្រាម រញីប្រផេះក្រៀម ៧ក្បាល និងក្រពះប្រម៉ាក្រៀមចំនួន ១៥ក្រពះ។
សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះម្ចាស់ផ្ទះ ឈ្មោះ ប៊ុន ថន កម្លាំងសមត្ថកិច្ចដកហូតបាន សាច់ជ្រូកព្រៃស្រស់ទំងន់ ៤២គីឡូក្រាម និងម្ចាស់ផ្ទះ ឈ្មោះ រស់ ឡុង ដកហូតសាច់ជ្រូកព្រៃស្រស់ទំងន់ ៤៨គីឡូក្រាម សត្វក្តាន់ញ៉ែងងាប់ចំនួន ២ក្បាល រញីករប្រផេះក្រៀមចំនួន ៤ក្បាល ក្រពះប្រម៉ាក្រៀមចំនួន១ និងម៉ូតូ១គ្រឿង ថែមទៀតផង។ សាច់សត្វព្រៃដែលរឹបអូសបានមានចំនួនសរុប ១៧៩គីឡូក្រាម ដោយមិនទាន់រាប់បញ្ចូល សត្វអណ្តើករស់ សត្វក្តាន់ញ៉ែងងាប់ ក្រពះប្រម៉ា និងសត្វរញីក្រៀមជាច្រើនក្បាលទៀត នៅឡើយទេ។
ក្រោយការបង្ក្រាប និងរឹបអូសបាន វត្ថុតាងសត្វព្រៃរស់ត្រូវបាននាំយកទៅព្រលែងនៅក្នុងព្រៃធម្មជាតិ។ ចំណែក សាច់សត្វព្រៃទាំងស្រស់ និងក្រៀម ត្រូវបាននាំយកទៅដុតកម្ទេចចោល នៅផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ៕