សមិទ្ធិផលនានាដែលជាអំណោយរបស់ ទេសរដ្ឋមន្ត្រីមាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បាននិងកំពុងដាក់ឲ្យដំណើរការសាងសង់ ជាបន្តបន្ទាប់

0

ខេត្តព្រះវិហារ៖ អគារសិក្សាមួយខ្នង រួមទាំងសមិទ្ធិផលនានាជាច្រើនទៀត ដែលជាអំណោយរបស់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា បាននិងកំពុងដាក់ឲ្យដំណើរការសាងសង់ ជាបន្តបន្ទាប់នោះហើយ។

ជាក់ស្តែង កាលពីថ្ងៃទី២៨ធ្នូឆ្នាំ២០២១ អាគារសាលាបឋមសិក្សាវត្តពោធិ ៥០០០ដើម ១ខ្នង និងសមិទ្ធិផលនានាមួយចំនួនទៀត ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅចំណុចអូរដូនស្ងួន ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ពិធីបញ្ចុះបឋមសិលានេះ ក៏មានការអញ្ជើញចូលរួមពី លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ,លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ,ថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋដ៏ច្រើនកុះករ ផងនោះដែរ។

ព្រះបាឡាត់គណខេត្ត និងជាព្រះអនុគណស្រុកគូលែន ខេត្តព្រះវិហារ ​ព្រះតេជគុណព្រះសីមានុចារី សៀន គុណលាភ បានមានសង្ឃដីកាថា សាលាបឋមសិក្សាវត្តពោធិ ៥០០០ដើម ១ខ្នង ដែលត្រូវដាក់ឲ្យដំណើរការសាងសង់នៅក្នុងពេលនេះ គឺមាន ៦បន្ទប់ នៅក្នុងសាលាមានអណ្តូងទឹក១ បន្ទប់ទឹក៤ និងមានចំងាយជាង ១២គីឡូម៉ែត្រ ពីទីរួមស្រុកគូលែន និងជាង ១២គីឡូមម៉ែត្រទៀត ពីសាលារៀន ទៅកាន់ឃុំស្រយ៉ង់។

ព្រះតេជគុណ មានសង្ឃដីកាទៀតថា ការសាងសង់សាលារៀននេះ គឺក្នុងទិសដៅចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍធនធានមនុស្ស ធនធានចំណេះដឹង ពិសេស ដើម្បីឲ្យសាលារៀនបានសាងសង់លើតំបន់ដាច់ស្រយ៉ាលមួយនេះ ព្រះតេជគុណបានបរិច្ចាកដីវត្តមួយចំនួន និងចូលបច្ច័យសាងសង់សាលារៀននេះចំនួន ២ម៉ឺនដុល្លារ ,លោក ស៊ី គីរី សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ និងក្រុមគ្រួសារចូលរួម ១ម៉ឺនដុល្លារ រួមទាំងសប្បុរសជនជាច្រើនរូបទៀត ផងដែរ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង កោតសរសើរចំពោះទឹកព្រះទ័យរបស់ព្រះតេជគុណ សៀន គុណលាភ និងសប្បុរសជនជាច្រើនទៀត ដែលបានបរិច្ចាគបច្ច័យ ថវិកា និងដីវត្ត សម្រាប់សាងសង់សាលាបឋមសិក្សាវត្តពោធិ៥០០០ដើមនេះ។ ដូច្នេះ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រនៅទីនេះ គឺពិតជាមានការរីកចម្រើន សូម្បីតែដីវត្តនៅទីនេះ ក៏មានទំហំធំជាងគេ ហើយដាំដើមពោធិរហូត ៥០០០ដើម និងសាងសង់រូបបដិមា ៥០០០អង្គ ធ្វើអំពីថ្មសុទ្ធ រីឯសាលាឆាន់ ក៏ធ្វើអំពីឈើធំៗ ផងទៀត ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញថា ពិតជាមានការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាសុខសន្តិភាព ដែលមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សយូរអង្វែង ដើម្បីធ្វើឲ្យប្រទេសជាតិយើង កាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត និងត្រូវបន្តគាំទ្រកម្មវិធីនយោបាយនានារបស់ រាជរដ្ឋាភិបាល និងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច ឲ្យមានប្រសិទ្ធិភាព។

បន្ទាប់មក ថ្នាក់ដឹកនាំ បានអញ្ជើញចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ៦០គ្រួសារ និងនៅក្នុងខណៈនោះ អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា ​ក៏បានឧបត្ថម្ភអាវរងារ ១០០អាវ ដែលមានតម្លៃទឹកប្រាក់ ២០០០ដុល្លារ សម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងរដូវត្រជាក់នេះ ថែមទៀតផង៕ដោយ៖ឡុង សំបូរ