កំពង់ឆ្នាំង ៖ បើកការប្រជុំសាមញ្ញលើកទី៣អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ក្នុងសាលប្រជុំក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យការងារដែលបានសំរេចកន្លងមក និងដាស់ចេញនៅទិសដៅអនុវត្តន៍បន្ត របស់ក្រុមប្រឹក្សាខេត្តនិងរដ្ឋបាលខេត្ត ដែលនៅក្នុងកិច្ចប្រជុំនោះមានការចូលរួម ពីលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៊ុន សំអុល អភិបាលរងនៃគណៈអភិបាលខេត្ត និងមន្ត្រីគ្រប់មន្ទីរអង្គភាពចូលរួមសរុបចំនួន៣១នាក់ផងដែរ។ 
នៅក្នុងកិច្ចប្រជុំនេះលោកជំទាវ ដោក សុទ្ធា បានមានប្រសាសន៍ថា៖ការបើកកិប្រជុំសាមញ្ញលើកទី៣អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងពេលនេះ មានគោលបំណងត្រួតពិនិត្យរបាយការណ៍អំពី លទ្ធផលការងារដែលសមរេចបានកន្លងមក និងការងារដែលសេសសល់ ដើម្បីលើកទិសដៅការងាររយៈពេល៣ខែរបស់រដ្ឋបាលខេត្តក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ 
កិច្ចការងារបានផ្តោតទៅលើវិស័យសំខាន់ៗដូចជា៖វិស័យសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងដីធ្លី វិស័យធនធានមនុស្ស បរិស្ថាន ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ រដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សង្គម ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ក្នុងនោះដែរលោកជំទាវ ក៏បានធ្វើបទបង្ហាញស្តីពីបញ្ហាដែលប្រឈមនានារបស់រដ្ឋបាលខេត្ត ដូចជាការងារសណ្តាប់ធ្នាប់ ការងាររឹតបណ្តឹងច្បាប់ចរាចរណ៍ របាយការណ៍ប្រជុំរបស់ក្រុមប្រឹក្សាដែលមានចំណុចខ្វះខាត ការងារសន្តិសុខ ការពង្រឹងកងកំលាំងប្រដាប់អាវុធចូលរួមសហការក្នុងកិច្ចសហការការពារសន្តិសុខសុវត្ថិភាព និងការពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាពនៅគ្រប់មូលដ្ឋានទូទាំងខេត្តកំពង់ឆ្នាំង។ 
លោកជំទា វដោក សុទ្ធា បានបន្តទៀតថាៈ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចូលរួម ពង្រឹងជម្រុញការអនុវត្តន៍គោលនយោបាយភូមិ ឃុំសុវត្ថិភាព អោយមានប្រសិទ្ធភាព ដោយត្រូវយកចិត្តទុកដាក់អោយបានសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវទប់ស្កាត់អោយបានកុំអោយមានការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ល្បែងស៊ីសង អំពើអនាចារ អំពើជួញដូរភេទ។ល។
ទន្ទឹមនោះដែរលោកជំទាវ ស្នើសុំអោយមន្ត្រីមូលដ្ឋានត្រូវជួយធ្វើការផ្សព្វផ្សាយសេវាសាធារណៈអោយបានល្អប្រសើរ និងមានការជឿទុកចិត្តពីប្រជាពលរដ្ឋ លើគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចំពោះការងារទំនាក់ទំនងអន្តរជាតិពង្រឹងការងារនេះឲ្យបានល្អប្រសើរ ពីព្រោះការងារនេះមានសារសំខាន់ណាស់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយមានការរីចំរើន កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ស្របតាមគោលនយោបាយរបស់ជាតិ៕



































