ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ នៅតាមមណ្ឌលប្រឡងទាំង០៣ក្នុងខេត្តព្រះសីហនុបានធ្វើការបិទនូវលទ្ធផលប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៣-២០១៤ ដែលមានសិស្សានុសិស្សចូលរួមប្រឡងចំនួន
១.៦២៦នាក់ ស្រី៧៣៥នាក់ រយពេលពីរថ្ងៃ កាលពីថ្ងៃទី០៤ និង ០៥ ខែសីហា ឆ្នាំ២០១៤ លទ្ធផលនៃការប្រឡងជាប់បានចំនួន ៣១០នាក់ ស្រី ១៦៦នាក់ ។ លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៣-២០១៤ ខេត្តព្រះសីហនុមានសិស្សានុសិស្សចូលរួមប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិចំនួន 
១.៦២៦នាក់ ស្រី ៧៣៥នាក់ ចែកចេញជា០៣មណ្ឌល ។ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរលើកទី១មានចំនួន ៣១០នាក់ ស្រី ១៦៦នាក់ ស្មើនឹង ១៩.០៦% ស្រី ២២.៥៨% ។ លោកប្រធានមន្ទីរបានឲ្យដឹងបន្តថា ឆ្នាំនេះក្រសួងអប់រំបានធ្វើកំណែទម្រង់វិស័យ អប់រំនៅទូទាំងប្រទេសដោយសារឆ្នាំនេះមានការរិតបណ្តឹង និងចាត់វិធានការនៅពេលប្រឡងយ៉ាងតឹងតែង ពិសេសក្រសួងអប់រំបានសហការជាមួយអង្គភាពប្រឆាំងអំពើរពុករលួយ ដើម្បីបំបាត់នូវភាពមិនប្រក្រតីនៅក្នុង
មណ្ឌលប្រឡង ដើម្បីធ្វើឲ្យការប្រឡងបាក់ឌុបឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌អាចទទួលយកបាន គឺសំដៅបង្កើនគុណភាពសិក្សាដល់សិស្សានុសិស្ស ជាពិសេសគឺចង់បានធនធានមនុស្សប្រកបដោយចំណេះដឹងច្បាស់លាស់តាមស្តង់ដារអប់រំ ហើយសិស្សមានទំនុកចិត្តខិតខំរៀនសូត្រ ព្រោះកាលណាយើងមានចំណេះដឹង យើងអាចប្រឡងជាប់ដោយមិនមានការភ័យក្លាចអ្វីទាំងអស់ ។ លោកកែវ ឡាយ បានបញ្ជាក់ទៀតថា សិស្សានុសិស្សដែលប្រឡងធ្លាក់លើកទី១ មានលទ្ធភាពចូលរួមប្រឡងលើកទីពីរនៅថ្ងៃទី១៣ និង១៤ ខែតុលា ឆ្នាំ២០១៤ ខាងមុខទៀត ក្រសួងអប់រំបានផ្តល់ឪកាស
ឲ្យសិស្សខិតខំរៀនសូត្រស្រាវជ្រាវនូវមេរៀនថ្មីៗបន្ថែមទៀតនិងឈានទៅចូលរួមការការប្រឡងបាក់ឌុបនៅលើកទី២ ខាងមុខទៀត ៕ 




































