រថយន្តពីរគ្រឿងបានបុកគ្នានៅលើដងផ្លូវជាតិលេខ៩ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងពីរនាក់ទៀត រងបួសធ្ងន់និងស្រាល នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ មនុស្សពីរនាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងរវាងរថយន្តធន់ធំ វេអង យីឌុបផ្លូវប្រាំ បុកជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកទឹកកក នៅវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

មន្ត្រីចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងពីរនាក់ទៀតរងបួសធ្ងន់ និងស្រាល បន្ទាប់ពីរថយន្តពីរគ្រឿងបុកគ្នា ក្នុងទិសដៅផ្ទុយគ្នា ដែលការបើកបររថយន្តនោះ ស្ថិតក្នុងល្បឿនលឿន ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះនៅក្នុងហេតុការគ្រោះថ្នាក់នេះ មានបុរសចំនួន ៤នាក់ គឺ ១.ឈ្មោះ ឃូល ឡុងគាតូច អ្នករួមដំណើរក្នុងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានបានស្លាប់នៅកន្លែងកើតហេតុ ,២.ឈ្មោះ ភាជ ឌីណា ជាអ្នករួមដំណើរ បានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ,៣.ឈ្មោះ ភាជ ចាន់រ៉ា ជាអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D- 3597 បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយរថយន្តម៉ាកវេអង ពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង 3A-0726 បើកបរក្នុងទិសដៅពីលិចទៅកើត រថយន្តទាំងពីរបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យតៃកុងរថយន្តនេះរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ និង ៤-ឈ្មោះ រ៉ុន រឿន ជាអ្នកបើកបររថយន្តម៉ាកវេអង បានរងរបួសស្រាល។

មន្ត្រីចរាចរណ៍បានបញ្ជាក់ថា កត្តាដែលនាំឱ្យគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីអ្នកបើកបរ បានបើករថយន្តជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់។ ក្រោយការវាស់វែងរួច កម្លាំងចរាចរណ៍ផ្លូវគោកខេត្ត បានបញ្ជូនរថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង រង់ចាំដោះស្រាយគ្នាជាក្រោយ។ រីឯសាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារនៃសព នាំយកទៅធ្វើបុណ្យទៅតាមប្រពៃណី និងទំនៀមទំលាប់៕