រថយន្តសាំងយ៉ុងដឹកឈើមួយគ្រឿង បានបើកបុកបង្កាន់ដៃស្ពានថ្ម បង្កការគ្រោះថ្នាក់ដោយខ្លួនឯង បណ្តាលឲ្យអ្នកបើកបរស្លាប់ នៅក្នុងខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ អ្នកបើកបររថយន្តសាំងយ៉ុងដឹកឈើ ១គ្រឿង បានស្លាប់ភ្លាមៗក្រោយជួបគ្រោះថ្នាក់ចរាចរណ៍មួយ បង្កការគ្រោះថ្នាក់ដោយខ្លួនឯង សង្ស័យងងុយដេក ​ដោយបើករថយន្តទៅបុកបង្កាន់ដៃស្ពានថ្មមួយកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៦២ កាលពីម៉ោងជាង ៩ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះ ស្ថិតក្នុងភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលជួបហេតុការគ្រោះថ្នាក់នោះ ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-4008 បើកបរដោយឈ្មោះ ជា លីន រស់នៅភូមិថ្នល់បែក  ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវឈើរុញបុកផ្ទប់នឹងរថយន្ត និងធ្លាយកញ្ចក់មកផ្នែកខាងមុខរថយន្តនោះមក។

ក្រោយហេតុការណ៍គ្រោះថ្នាក់នេះ កម្លាំងនគរបាលស្រុកប្រាសាទបល្ល័ង្ក បានចុះវាស់វែង ហើយបានបញ្ជូនរថយន្តទៅរក្សាទុក និងស្វែងរកក្រុមគ្រួសារសព ដើម្បីប្រគល់សាកសពជនរងគ្រោះ នាំយកទៅធ្វើបុណ្យតាមប្រពៃណី។

ស្របពេលជាមួយគ្នានោះ ប្រភពបានបង្ហើបឲ្យដឹងថា នៅរយៈពេលកន្លងមក ក៏ដូចក្នុងពេលបច្ចុប្បន្ន មានរថយន្តជាច្រើនគ្រឿង តែងបានធ្វើសកម្មភាពដឹកជញ្ជូនឈើជាប្រចាំ និងការបើកបរនោះ ស្ថិតក្នុងល្បឿនលឿន ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចេញពីខេត្តព្រះវិហារ ចូលមកក្នុងខេត្តកំង់ធំ ហើយគេក៏មិនដែលឃើញមន្ត្រីជំនាញពាក់ព័ន្ធ ដែលមានស្នាក់ការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនៅតាមដងផ្លូវជាតិលេខ៦២នេះ ធ្វើការបង្ក្រាបរថយន្តដឹកឈើទាំងនោះទេ។ ផ្ទុយទៅវិញ រថយន្តដឹកឈើទាំងនោះ ធ្វើសកម្មភាពបានយ៉ាងរលូន កត្តានេះបានធ្វើឲ្យអ្នករស់នៅប្របនឹងដងផ្លូវ ក៏ដូចអ្នកប្រើប្រាស់ផ្លូវជាតិលេខ៦២នេះ តែងមានការព្រួយបារម្ភទៅលើសុវត្ថិភាពជាចម្បង៕