កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ចាប់រថយន្តកែច្នៃមួយគ្រឿង រឹបអូសឈើបានពីក្រុមឈ្មួញល្មើសច្បាប់ជាង ២ម៉ែត្រគូបត្រីគុណ

0

ខេត្តស្ទឹងត្រែង៖ ឈើឈ្លិច និងឈើសុក្រមមូល ៩កំណាត់ ស្មើនឹងជាង ២ម៉ែត្រគូបត្រីគុណ ដែលឈ្មួញដឹកតាមរថយន្តកែច្នៃមួយគ្រឿងគ្រោងយកស្តុកទុក និងត្រៀមដឹកជញ្ជូនចេញយកទៅធ្វើជំនួញនោះ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់-ដុងក្រឡ នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបនិងរឹបអូសបាន កាលពីម៉ោង ៩ និង១៥នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវចូលបក្សីមេគង្គ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានបង្ហាញរបាយការណ៍ឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបការដឹកជញ្ជូនឈើតាមរថយន្តប្រភេទកែច្នៃ ១គ្រឿងនោះ សមត្ថកិច្ចបានរឹបអូសរថយន្តកែច្នៃ ១គ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការដឹកជញ្ជូនឈើ ៩កំណាត់ ដែលជាឈើឈ្លិចនិងឈើសុក្រម មានចំនួន ២,៧៣១ម៉ែត្រគូប​។

របាយការណ៍បានបញ្ជាក់ថា ឈើទាំងនេះពុំមានម្ចាស់ទទួលខុសត្រូវនោះទេ ព្រោះត្បិតម្ចាស់ឈើបានគេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់។ ចំណែកសកម្មភាពដឹកជញ្ជូនឈើនោះ សមត្ថកិច្ចបានចាត់ទុកជាទង្វើល្មើសច្បាប់។

ក្រោយការបង្ក្រាប មន្ត្រីជំនាញបានបញ្ជូនរថយន្តកែច្នៃ១គ្រឿង និងឈើទាំងពីរប្រភេទចំនួន ៩កំណាត់ខាងលើ យកមករក្សាទុកជាបណ្តោះអាសន្ន នៅផ្ទះស្នាក់នៅមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីអនុវត្តនីតិវិធីជាបន្ត។

ប្រភពដាច់ដោយឡែក បានឲ្យដឹងថា អ្នកដឹកជញ្ជូនឈើដ៏សកម្មតាមរថយន្តកែច្នៃ ១គ្រឿងនេះ ត្រូវគេស្គាល់ឈ្មោះ ហេង ដែលជាឈ្មួញមួយរូប តែងធ្វើសកម្មភាពដឹកឈើលាក់មុខ នៅខេត្តស្ទឹងត្រែង ហើយនៅរយៈកាលកន្លងមក រថយន្តនេះ សមត្ថកិច្ចខេត្តក៏ធ្លាប់បានធ្វើការបង្ក្រាបម្តងរួចមកហើយ ប៉ុន្តែ ក្រោយការបង្ក្រាបមិនបានប៉ុន្មានផង ក៏ត្រូវបានដោះលែងទៅវិញផងដែរ។ ចំពោះការបង្ក្រាបកាលពីថ្ងៃទី២មករាឆ្នាំ២០២២ នេះផងទៀត គេនៅរង់ចាំមើលថាតើ រថយន្តកែច្នៃដឹកឈើល្មើសច្បាប់ ១គ្រឿងនេះ នឹងត្រូវបានដោះលែងទៅវិញម្តងទៀត ឬយ៉ាងណា រីឯម្ចាស់រថយន្តដឹកឈើនេះ ក៏ត្រូវបានគេស្គាល់ថា ឈ្មោះ ហេង ថែមទៀតផង ដូច្នេះ សមត្ថកិច្ចគួរបើកការអង្កេត និងមានវិធានការច្បាប់លើបុគ្គលរូបនេះ ឲ្យខាងតែបាន៕