អគ្គលេខាធិការ អ.ស.ប លោកបានគីមូន បានស្នើ ដល់សហគមន៍អន្តរជាតិ ឱ្យបញ្ជូនជាបន្ទាន់នូវទាហាន និងប៉ូលិស ៣.០០០នាក់ទៀត ជាកម្លាំងបន្ថែមទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នារវាងពួកគ្រឹស្ត និងពួកអ៊ិស្លាម ដែលគំរាមកំហែងរុញច្រានប្រទេសនោះឱ្យធ្លាក់ក្នុងអំពើប្រល័យពូជ សាសន៍ ។
លោកបានគីមូន បានប្រាប់ដល់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ថា លោកនឹងស្នើនាពេលដ៏ឆាប់ខាងមុខនេះ ដល់ក្រុមប្រឹក្សានោះឱ្យបង្កើតបេសកកម្មថែរក្សាសន្តិភាពមួយដែល មានអាណត្តិការពារប្រជាជនសុីវិល ។ ក៏ប៉ុន្តែលោកគូសបញ្ជាក់ថា ការដាក់ពង្រាយប្រតិបត្តិការថែរក្សាសន្តិភាពនោះ ប្រសិនបើទទួលការអនុញ្ញាត នឹងត្រូវប្រើពេលជាច្រើនខែ ។
ប្រជាជនអាហ្វ្រិកកណ្តាលពុំអាចរង់ចាំច្រើនខែបែបនេះឡើយ ។ សហគមន៍អន្តរជាតិ ត្រូវបញ្ចេញប្រតិកម្មនាពេលនេះជាមួយការសម្រេចចិត្ត ។ លោកបន្តថា សេចក្តីត្រូវការដែលទាមទារស្តារសន្តិសុខឡើងវិញមានខ្ពស់ជាង ឆ្ងាយ មធ្យោបាយដែលកងកម្លាំងអន្តរជាតិមាននាពេល នេះ ។
ដូច្នេះខ្ញុំអំពាវនាវឱ្យពង្រឹងឱ្យបានឆាប់នូវកងទ័ពបារាំង និងកងកម្លាំងសហភាពអាហ្វ្រិក ដែលមានស្រាប់នៅក្នុងប្រទេសនោះ ជាមួយការដាក់ពង្រាយកម្លាំងជំនួយបន្ថែមយ៉ាងតិច៣.០០០នាក់ទៀត ។ ការបន្ថែមកម្លាំងនេះ នឹងធ្វើឱ្យកងកម្លាំងការពារសន្តិសុខឡើងដល់១២.០០០នាក់ ៕