ក្លិប Borusssia Dortmund វិញ ក្លិបបិសាចក្រហម Manchester United បានយល់ព្រមលក់កីឡាករ Shinji Kagawa ទៅឲ្យក្លិប Borusssia Dortmund វិញក្នុងតម្លៃពលកម្ម៦.៣លានផោនក្រោយពេលរូបគេបានចាកចេញពីក្លិបបាល់ទាត់របស់អាល្លឺម៉ង់មួយនេះមកលេងនៅអង់គ្លេសបានតែ២ឆ្នាំប៉ុណ្ណោះ ។ Kagawa នឹងចុះកិច្ចសន្យារយៈពេល៤ឆ្នាំវិញជាមួយ Dortmund បន្ទាប់ពីក្លិបនេះបានលក់ រូបគេទៅឲ្យ Manchester United កាលពីឆ្នាំ២០១២ក្នុងតម្លៃពលកម្ម១២លានផោន ។ ដោយសារតែបញ្ហារបួសជាបន្តបន្ទាប់បានធ្វើឲ្យ Kagawa ខកខានមិនសូវជាបានបង្ហាញខ្លួនឲ្យក្លិបបិសាចក្រហមកាលពីរដូវកាលមុនដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក David Moyes ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅរដូវកាលថ្មីនេះ គ្រូបង្វឹកថ្មីរបស់ Manchester United គឺលោក Louis van Gaal នៅតែមិនសម្លឹងឃើញកីឡាករ Kagawa ដដែលជាហេតុធ្វើឲ្យគេ សម្រេចចិត្តចាកចេញពីក្លិប ។ គួរបញ្ជាក់ថា ទន្ទឹមជាមួយគ្នានោះ Kagawa ក៏ធ្លាប់ទទួលបានការចាប់អារម្មណ៍ពីសំណាក់ ក្លិបប្រជែងខ្មៅ Valencia ផងដែរ ៕







































