ស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យទីតាំងលក់-ទិញម៉ូតូជាង១០កន្លែង ដកហូតម៉ូតូអត់ពន្ធជាច្រើនប្រភេទបាន ៥០គ្រឿង នៅក្នុងក្រុងស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ម៉ូតូអត់ពន្ធជាច្រើនប្រភេទ ចំនួន ៥០គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង ចុះដកហូតពីទីតាំងលក់-ទិញម៉ូតូចំនួន ១១កន្លែង ក្នុងក្រុងស្ទឹងត្រែង ហើយបានទុកលទ្ធភាពឲ្យម្ចាស់ហាងលក់ម៉ូតូ ចូលខ្លួនទៅបង់ពន្ធ ដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋ សម្រាប់ឆ្នាំ២០២២នេះ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមកិច្ចសហការ រវាងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងនគរបាលក្រុងស្ទឹងត្រែង ក្រោមការដឹកនាំសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ត្រ នាព្រឹកថ្ងៃទី០៦មករាឆ្នាំ២០២២នេះ នៅក្នុងរដ្ឋបាលក្រុងស្ទឹងត្រែង។

ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង លោក សាន់ និម៉ុល បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងលក់ និងទិញម៉ូតូនៅក្នុងពេលនេះ កម្លាំងនគរបាលជំនាញ ក្រោមការដឹកនាំសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ត្រ បានធ្វើការត្រួតពិនិត្យឯកសារស្របច្បាប់ ទៅលើ ១១ទីតាំង នៅក្នុងក្រុងស្ទឹងត្រែង បានរកឃើញ និងធ្វើការដកហូតម៉ូតូអត់ពន្ធជាច្រើនប្រភេទ មានចំនួន ៥០គ្រឿង ដែលគ្មានឯកសារបង់ពន្ធនាំចូលស្របច្បាប់នោះទេ។

លោកស្នងការរងខេត្ត បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានចុះអនុវត្តច្បាប់ និងដកហូតវត្ថុតាងម៉ូតូខាងលើ ដែលមានប្រភពមិនច្បាស់លាស់នេះ កម្លាំងនគរបាលជំនាញ នឹងធ្វើកំណត់ហេតុបញ្ជូនទៅតុលាការខេត្ត ដើម្បីមានវិធានការជាបន្ត។

ព្រះរាជអាជ្ញារងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ត្រ បានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការលើទីតាំងលក់ និងទិញម៉ូតូខាងលើនេះ គឺដើម្បីត្រួតពិនិត្យ និងរកពីភាពត្រឹមត្រូវ នៅក្នុងការធ្វើអាជីវកម្មម៉ូតូ ដែលមានការបង់ចំណូលពន្ធជូនរដ្ឋត្រឹមត្រូវ ស្របតាមច្បាប់របស់កម្ពុជា។

លោកព្រះរាជអាជ្ញារងខេត្ត បានបញ្ជាក់ថា ប្រសិនបើម្ចាស់ហាងលក់-ទិញម៉ូតូនីមួយៗ បើកធ្វើអាជីវកម្មនាំម៉ូតូចូល ដោយមិនបានអនុវត្តកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវនោះទេ នោះអាជ្ញាធរមានសមត្ថកិច្ច នឹងអនុវត្តនីតិវិធីច្បាប់ជាបន្តទៀត៕