លោក សំ លាងទ្រី បានសរសេរពីការរំលឹកគុណថ្ងៃ៧មករា ដែលប្រជាជនកម្ពុជា រូបលោក និងក្រុមគ្រួសារ រស់នៅក្រោមការផ្លាស់ប្តូរមុខមាត់ថ្មី អស់រយៈពេល៤៣ឆ្នាំ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា

0

ខេត្តព្រះវិហារ៖ ថ្ងៃស្អែក គឺជាថ្ងៃ៧មករា ខួប៤៣ឆ្នាំ នៅក្នុងការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ឲ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយប្រជាជនកម្ពុជាគ្រប់ៗរូប បានចារឹកទុកថ្ងៃ៧មករា គឺជាថ្ងៃប្រវត្តិសាស្ត្រនៅក្នុងសង្គ្រោះជីវិត បានចាកចេញពីក្រញ៉ាំដៃបិសាច ជញ្ជក់ឈាម អង្គាមឆ្អឹងប្រជាជាតិឯង នៃរបបក្អែកខ្មៅ ប៉ុល ពត ដែលគ្រប់គ្រងអំណាចបានត្រឹមតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប៉ុណ្ណោះ។

ប្រធានក្រុមការងារខេត្តព្រះវិហារ ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី នៅថ្ងៃទី៦មករានេះ បានសរសេរតាមបណ្តាញទំនាក់ទំនងសង្គម ដោយសម្តែងពីការរំលឹកដឹងគុណថ្ងៃ ៧មករា (៧ករា១៩៧៩-៧មករា២០២២) ដែលនឹងត្រូវឈានចូលមកដល់នៅថ្ងៃស្អែកនេះ។

លោក សំ លាងទ្រី បានសរសេរបញ្ជាក់ថា  គិតត្រឹមថ្ងៃនេះ ខ្ញុំបាទ និងក្រុមគ្រួសារ បានឆ្លងកាត់អស់រយៈពេល ៤៣ឆ្នាំមកហើយ បន្ទាប់ពីត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩។ លោកបានបន្តថា នៅរយៈពេល ៤៣ឆ្នាំនេះ មាតុភូមិកម្ពុជា ជាទីស្នេហារបស់ខ្ញុំ បានផ្លាស់ប្ដូរប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស និងស្រស់បំព្រង ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជន ដែលបានពុះពារជម្នះរាល់ការលំបាកស្មុគស្មាញគ្រប់បែបយ៉ាង បង្កើតបានសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន នាពេលបច្ចុប្បន្ន។

លោក សំ លាងទ្រី បានបញ្ជាក់ទៀតថា ប្រជាជាតិមួយដែលរងការកាប់សម្លាប់រង្គាល កម្លាំងជាតិមួយដែលត្រូវខ្សោះខ្សោយ រីងស្ងួត ប៉ុន្តែ ៤៣ឆ្នាំក្រោយមក បានងើបឈរវិញយ៉ាងត្រដែត ប្រកបដោយមោទនភាព ជាមួយនឹងវឌ្ឍនភាពលើគ្រប់វិស័យ បានធ្វើអោយមនុស្សមានសម្បជញ្ញ:ទាំងឡាយ មើលឃើញយ៉ាងច្បាស់ នូវថាមពលរបស់ប្រជាជនកម្ពុជា ក្នុងការកសាង និងការពារមាតុភូមិរបស់ខ្លួន ស័ក្ដិសមជាអ្នកបន្តមរតក ពីបុព្វបុរសសម័យមហានគរ ដែលបានកសាងទឹកដី និងវប្បធម៌ អរិយធម៌អង្គរដ៏រុងរឿង។

ស្របពេលជាមួយគ្នានេះ លោក សំ លាងទ្រី ក្នុងនាមក្រុមគ្រួសារលោក បានថ្លែង អរគុណ សន្តិភាព បើគ្មានសន្តិភាពនោះទេ ក៏គ្មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះដែរ៕ដោយ៖ឡុង សំបូរ