ខេត្តព្រះវិហារ៖ មន្ត្រីអង្គការ CSHD ដែលជាមន្ត្រីជំនាញដោះមីនកម្ពុជា ៣នាក់ បានស្លាប់បាត់បង់ជីវិត និងមន្ត្រីម្នាក់ទៀត បានរងរបួសធ្ងន់ នៅក្នុងពេលចុះបំពេញភារកិច្ចលើសកម្មភាពដោះមីន ដើម្បីសង្គ្រោះផ្ទៃដីកសិកម្មរបស់ប្រជាពលរដ្ឋ នាម៉ោងប្រមាណ ១១ និង៣០នាទី ថ្ងៃទី១០មករាឆ្នាំ២០២២នេះ នៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា អ្នករងគ្រោះដោយសារគ្រាប់មីន នៅក្នុងពេលនេះ គឺជាអ្នកជំនាញមកពីអង្គការដោះមីនកម្ពុជា (Cambodian Self Help Demining) ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។
លោក ហេង រតនា បានថ្លែងឱ្យដឹងទៀតថា នៅមុនករណីនេះកើតឡើង ប្រមាណ២០នាទី ក៏មានការផ្ទុះគ្រាប់ នៅភូមិឃុំខាងលើនេះ និងបណ្ដាលឱ្យពលរដ្ឋម្នាក់បានស្លាប់ នៅក្នុងគ្រានោះផងដែរ។
កម្ពុជានៅមានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នាសម័យសង្គ្រាម មានដូចជា៖ គ្រាប់ បែកចង្កោម គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទទៀត ព្រមទាំងគ្រាប់បែកទម្លាក់ពីយន្តហោះផងនោះដែរ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែធ្វើសកម្មភាពដោះ និងសម្អាតគ្រាប់យុទ្ធភណ្ឌទាំងនោះជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ៕