កំពង់ឆ្នាំង៖របស់ប្រើប្រាស់ជាច្រើនប្រភេទដែលជាស្នាដៃផលិតរបស់នារីខ្មែរនៅតាមមូលដ្ឋានមានគុណភាពល្អ ត្រូវបានប្រមូលដាក់តាំងលក់នៅក្នុងមជ្ឈមណ្ឌុលអភិវឌ្ឍស្ត្រីខេត្តកំពង់ឆ្នាំង និងកំពុងត្រូវបានភ្ញៀវជាតិអន្តរជាតិចាប់អារម្មណ៏និងទិញយកទៅប្រើប្រាស់។ លោកស្រី ម៉ែន អេន នាយិកាមជ្ឈមណ្ឌុលអភិវឌ្ឃស្ត្រីខេត្តកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖មជ្ឈមណ្ឌុលអភិវឌ្ឃស្ត្រីមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតនៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលារប្អៀរ។វត្ថុប្រើប្រាស់និងវត្ថុអនុស្សាវរីយ៏ដែលជាស្នាដៃផលិតរបស់ស្ត្រីខ្មែរនៅក្នុងសមាគមតាមមូលដ្ឋានមានដូចជា៖ កញ្ច្រែង កញ្ជើ ក្រឡោ ស្មុក កន្ត្រក កាបូប កន្ទេល ក្រម៉ា ។ល។
កំពុងដាក់តាំងលក់នៅក្នុងមជ្ឈមណ្ឌុល។កន្លងមកក៏មានភ្ញៀវទេសចរណ៏ជាតិអន្តរជាតិចូលមកទិញយកទៅប្រើប្រាស់ជាបន្តបន្ទាប់ផងដែរ។ មជ្ឈមណ្ឌុលស្ត្រីបច្ចុប្បន្នកំពុងបណ្តុះបណ្តាលនារីនិងស្ត្រីជាច្រើនាក់ អំពីជំនាញកាត់ដេរនិងជំនាញសំអាងការ ដើម្បីអោយស្ត្រីខ្មែរមានសមត្ថភាពច្បាស់លាស់ក្នុងជំនាញនិមួយៗដើម្បីយកទៅប្រកបមុខរបរចិញ្ចឹមជីវិតរបស់ខ្លួនតាមមូលដ្ឋាន។នៅក្នុងនោះផងដែរនៅតាមមូលដ្ឋានក៏មានសមាគមរបស់ស្ត្រីជាច្រើនកន្លែងទៀត ដើម្បីផលិតរបស់ប្រើប្រាស់និងវត្ថុអនុស្សាវរីយ៏សម្រាប់លក់ដូរដោះស្រាយជីវភាព។
សមាគមរបស់ស្ត្រីទាំងនោះមានដូចជា៖សមាគមធ្វើកញ្ច្រែងចង្អេរ សមាគមត្បាញកន្ទេល ត្បាញក្រម៉ា កាត់ដេរ ស្មូន ឆ្នាំង ។ល។ នៅក្នុងសមាគមទាំងនោះបងប្អូនស្ត្រីក៏បានជួយបណ្តុះបណ្តាលបងប្អូនកូនចៅជាបន្តបន្ទាប់អោយចេះជំនាញនិមួយៗច្បាស់លាស់ដើម្បីបន្តវេន និងរក្សាកេរ្ត៍ដំណែលវប្បធម៏ពីដូនតាអោយនៅគង់វង្សបានយូរអង្វែង។
កន្លងមកវត្ថុប្រើប្រាស់ដែលជាស្នាដៃរបស់ស្ត្រីខ្មែរត្រូវបានយកទៅតាំងពិពណ៏នៅថ្នាក់ជាតិ ក្នុងនោះដែរក៏មានចំណាប់អារម្មណ៏យ៉ាងខ្លាំងពីអតិថិជននៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសបានពេញចិត្តទិញយកទៅប្រើប្រាស់ជាច្រើនផងដែរ។វត្ថុប្រើប្រាស់ទាំងអស់នោះមានក្បូក្បាច់រចនាតាមរចនាបថបូរាណរបស់ខ្មែរនិងមានតម្លៃមិនចាញ់វត្ថុប្រើប្រាស់របស់បរទេសឡើយ។
លោកស្រី ម៉ែន អេន នាយិកាមជ្ឈមណ្ឌុលអភិវឌ្ឍស្ត្រីខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បងប្អូនស្ត្រីខ្មែរត្រូវខិតខំប្រឹងប្រែងបណ្តុះបណ្តាលរៀនសូត្រដល់កូនចៅជំនាន់ក្រោយ ជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែករក្សាប្រពៃណីវប្បធម៏របស់ដូនតាខ្មែរ។ក្នុងនោះដែរក៏សុំអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរភ្ញៀវទេសចរណ៏ជាតិ មេត្តាជួយគាំទ្រនិងលើកដម្កើងផលិតផលដែលជាស្នាដៃរបស់ស្ត្រីខ្មែរ ដើម្បីរួមចំណែកលើស្ទួយជីវភាពរស់នៅរបស់ស្ត្រីខ្មែរនិងកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋាន៕