អតីតខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea កីឡាករ Salomon Kalou បានឈានដល់កិច្ចព្រមព្រៀងផ្លាស់ ទៅកាន់ក្លិប Hertha Berlin របស់អាល្លឺម៉ង់ ។ កីឡាករវ័យ២៩ឆ្នាំរូបនេះធ្លាប់មានទំនាក់ទំនងជាមួយនឹងការផ្លាស់មកកាន់ក្លិបធំៗជាច្រើននៅក្របខណ្ឌ Premier League នៅរដូវក្តៅនេះដែលមានដូចជាៈ Arsenal, Tottenham Hotspur, Everton និងរួមទាំង Sunderland ផងដែរ ។ ប៉ុន្តែជាចុងក្រោយ ខ្សែប្រយុទ្ធអន្តរជាតិកូឌីវ័ររូបនេះបានសម្រេចចិត្តបន្តអាជីពបាល់ទាត់របស់ខ្លួនជាមួយក្លិប Hertha បន្ទាប់ពីរួមរស់ជាមួយក្លិប Lille (លីល) របស់បារាំងអស់រយៈពេល២ឆ្នាំ ។ អ្នកចាត់ការក្លិប Hertha លោក Michael Preetz ប្រាប់អ្នកសារព័ត៌មានថា “Salomon Kalou គឺជាខ្សែប្រយុទ្ធ កំពូលម្នាក់ដែលធ្លាប់មានបទពិសោធន៍លេងក្នុងក្របខណ្ឌ Premier League, Champions League និងក្រុមជម្រើសជាតិកូឌីវ័រហើយយើងរីករាយដែលរូបគេបានផ្លាស់មកលេងនៅទីនេះ” ។ គួរបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះនឹងចុះកិច្ចសន្យារយៈពេល៣ឆ្នាំនៅទឹកដី Olympic Stadium ៕
Ads







































