បន្ទាយមានជ័យ: អាជ្ញាធរដែនដី និងជំនាញសុរិយោដីនៅខេត្តបន្ទាយមានជ័យចាប់ផ្ដើមលើកយករឿងទំនាស់ដីធ្លីនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណមកដោះស្រាយឡើងវិញកាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ។ពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិ៣បានឲ្យដឹងថា ចាប់តាំងពីលិខិតសេចក្ដីជូនដំណឹង(ស.ជ.ណ) របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ចេញនៅឆ្នាំ២០០០ រឿងទំនាស់ដីធ្លីភូមិ៣សង្កាត់ព្រះពន្លាទំហំជាង ១០ហិចតានៅពុំទាន់ដោះស្រាយរួចទាំងស្រុងនៅឡើយ។
នៅពេលនេះ លោកអភិបាលខេត្តបានលើកយកដីសំណង់ផ្ទះល្វែងប្លុក A1 ជួរមុខមកដោះស្រាយដើម្បីបញ្ចប់រឿង។ ដីទាំងនោះមួយចំនួន គឺខ្លះមានបង្កាន់ដៃតែគ្មានដី ខ្លះមានបង្កាន់ដៃហើយទីតាំងដីត្រួតគ្នាខ្លះបានប្រគល់ដីឲ្យបើកផ្លូវ ហើយរកថ្នូរដីជួរមុខវិញមិនបាននិងខ្លះទៀតទាមទារយកដីនៅទីតាំង និងទំហំដើមដោយសំអាងថា ស.ជ.ណ មានចំណារបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចារថា ប្រគល់ជូនប្រជាពលរដ្ឋវិញ នៅដីតាមទំហំកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងរបស់ខ្លួនពលរដ្ឋម្ចាស់ដីដើមនិងពលរដ្ឋជាអ្នកទិញដី បានពុះកញ្ជ្រោលតវ៉ារហូតត្រូវលោកអភិបាលខេត្ត ជេរស្ដីខ្លាំងៗ នៅក្នុងអង្គប្រជុំ។លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបាននិយាយថា ខ្ញុំឆ្ងល់ខ្ញុំសួរតើបងប្អូនបានលិខិតបង្កាន់ដៃដីតែគ្មានដីដោយរបៀបណា?។
មានន័យថា មានអ្នកកាន់តែក្រដាសតែគ្មានដី។ ឯអ្នកមានដីអោបមិនព្រមប្រគល់ឲ្យមានសម្បទានដល់គម្រោងផ្លូវ និងការអភិវឌ្ឍន៍ប្លុកនិងមិនធ្វើសម្បទានដល់អ្នក ដែលធ្លាប់កាន់កាប់ដីទំហំដីតូចជាងមួយល្វែង ៤ គុណ២០ ម៉ែត្រ។លោកអភិបាលខេត្ត បានព្រមានដែរថា ខេត្តនឹងធ្វើនិរាករណ៍លើលិខិតគតិយុតិ្ដទាំងឡាយណា ដែលគ្មានគល់បញ្ជីដែលចេញដោយអាជ្ញាធរជំនាន់លោក ថាច់ ឃន លោក អន ស៊ុំ ជាអភិបាលខេត្ត បើសិនជារកមិនឃើញគល់បញ្ជីលិខិតទាំងនោះទេ។
ក្រោយលិខិតទាំងនោះមោឃភាព ម្ចាស់លិខិត ដែលអះអាងថា ម្ចាស់ដី និងពុំអាចប្រើប្រាស់វាស្របតាមច្បាប់ឡើយ ព្រោះលិខិតទាំងនោះត្រូវបានប្រើប្រាស់ក្នុងប្ដឹងផ្ដល់ មកអាជ្ញាធរនឹងទៅកាន់តុលាការ។លោក លី សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ស.ជ.ណ នោះ ប្រគល់ដីជូនពលរដ្ឋតាមការប្ដឹងទាមទារមែន តែបានទុកសិទ្ធិអំណាចឲ្យអាជ្ញាធរ និងជំនាញហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ឲ្យបានសមស្រប។
ហេតុនេះ ក្រសួង និងមន្ទីររៀបចំដែនដី ព្រមទាំងអាជ្ញាធរ បានគូសប្លង់ និងរៀបចំឲ្យមានប្រព័ន្ធផ្លូវ ទឹក ភ្លើង សេវាផ្សេងៗ នៅក្នុងប្លុក។ ក្នុងនោះ ត្រូវតែកាត់ដី និងដោះដូរទីតាំងមួយចំនួន ពីម្ចាស់មានដីទំហំធំមកឲ្យពលរដ្ឋជាម្ចាស់មានដីទំហំតូច និងកាត់ដីមួយចំនួន ទុកធ្វើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។លោកអភិបាលខេត្ត នៅជិតចុងបញ្ចប់នៃការប្រជុំដោះស្រាយបាននិយាយទៅកាន់ពលរដ្ឋម្ចាស់ដីថា ដំណោះស្រាយ ចាំបាច់មានការសម្របសម្រួល និងធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ទើបអាចរកច្រកចេញរួច ក្នុងនោះ អ្នកមានកម្មសិទ្ធិដីទំហំធំ ត្រូវកាត់ខ្លះ សម្រាប់ធ្វើប្រព័ន្ធផ្លូវ និងប្រយោជន៍សាធារណៈ ហើយក៏ត្រូវកាត់ខ្លះទៀត ទៅឲ្យពលរដ្ឋ អ្នកដែលមានដីមានទំហំតូចជាងមួយល្វែង៕