កំពង់ឆ្នាំង៖ មានប្រតិកម្មមួយពីប្រជាពលរដ្ឋពីឃុំឆ្នុកទ្រូ បានសង្ស័យមកលើប្រជាពលរដ្ឋមួយគ្រួសារដែលបានសង់ផ្ទះនិងព័ទ្ធរបងលើតំបន់ដីព្រៃលិចទឹកថា មានបំណងចាប់យកជាដីនោះកម្ម សិទ្ធ។ប្រតិកម្មនេះបានកើតឡើងនៅចុងខែសីហាកន្លងមក នៅតាមផ្លូវលំ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ករណីខាងលើនេះបើសិនជាអាជ្ញាធរ និងសមត្ថកិច្ចរដ្ឋ បាលជលផលមិនអើពើនោះទេ ប្រហែលអាចក្លាយជាការពិតមែន និងពិបាកដោះស្រាយទៅថ្ងៃក្រោយមិនខានឡើយ។ ប្រជាពលរដ្ឋនៅក្នុងឃុំឆ្នុកទ្រូបាននិយាយអោយអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤នេះថា៖ក្រុមគ្រួសារមួយនោះមានឈ្មោះ យស់ វណ្ណៈ អាយុ៤៥ឆ្នាំ មានប្រពន្ធឈ្មោះ អ៊ុំ សុភ័ន្ត អាយុ៤៤ឆ្នាំ ជាអ្នកចំណូលថ្មីមកពីខេត្តផ្សេង បានមក សាងសង់ផ្ទះកប់ជើងសសរផ្ទាល់ដីនៅចំណុច
ខាងលើជាង១ឆ្នាំមកហើយ មិនឃើញចល័តទៅតាមទឹកដូចអ្នកភូមិឡើយ ទន្ទឹមនោះដែរគាត់បានធ្វើរបងព័ទ្ធដី និងដាំដំណាំមួយចំនួនទៀតផង ហើយត្រូវបានគេសង្ស័យថា គាត់មានបំណងកាន់កាប់ធ្វើជាកម្មសិទ្ធ។ដោយឡែកប្រជាពលរដ្ឋនៅចំណុចខាងលើរាប់រយគ្រួសារទៀត ក៍បានសាងសង់ផ្ទះតូចៗនៅតំបន់នោះដែរ តែជាផ្ទះអាចចល័តឡើងចុះទៅតាមតាមទឹកទន្លេឡើងឬចុះបាន និងមិនបានធ្វើរបងហ៊ុំពទ្ធ័យកដីដូចគ្រួសារនោះឡើយ។
ទាក់ទងនឹងការសង្ស័យខាងលើ លោក យស់ វណ្ណៈ ជាមេគ្រួសារដែលរងការសង្ស័យបាន និយាយអោយដឹងថា៖គាត់ពិតជាសង់ផ្ទះនៅចំណុចនេះជាង១ឆ្នាំមកហើយ មិនបានសុំអ្នកណា ឡើយ តែក៏គ្មានបំណងចង់កាន់កាប់ជាកម្មសិទ្ធនោះដែរ ការធ្វើរបងឈើហ៊ុំព័ទ្ធដីនេះ គឺគ្រាន់តែការពារផលដំណាំមិនអោយគោក្របីចូលស៊ីតែប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤នេះ លោក សំរិទ្ធ ផេង មេឃុំឆ្នុកទ្រូបានថ្លែង ប្រាប់អ្នកយកព័ត៌មានយើងថា៖ករណីធ្វើរបង ដាំដំណាំហូបផ្លែ និងសង់ផ្ទះមិនចល័តដូច ប្រជាពលរដ្ឋទូទៅក្នុងភូមិរបស់ឈ្មោះ យស់ វណ្ណៈនេះ អាជ្ញាធរឃុំបានហៅគាត់មកធ្វើកិច្ចសន្យា ដោយមានអា ជ្ញាធរស្រុក និងសមត្ថកិច្ចជលផលជាអ្នកដឹងឭរួចហើយ ដោយមិនអនុញ្ញាតិអោយឈ្មោះ យស់ វណ្ណៈ ធ្វើអ្វីស្រេចតែចិត្តនៅលើតំបន់ដីព្រៃលិចទឹកដែលជាតំបន់ច្បាប់ហាមឃាត់នោះឡើយ។
ករណីដូចខាងលើនេះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលំចុះទៅឃុំឆ្នុកទ្រូ ត្រូវតែយល់ដឹងថា៖នៅសងខាងផ្លូវលំនេះគឺជាតំបន់ដីព្រៃលិចទឹក តាមផ្លូវច្បាប់មិនអាចជនណាម្នាក់កាន់កាប់ធ្វើជាកម្មសិទ្ធបានឡើយ។ហេតុដូចនេះអាជ្ញាធរមូលដ្ឋាន ក៍ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធ គួរតែធ្វើការអប់រំផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់ដឹង និងមានវិធានការទប់ស្កាត់អោយទាន់ពេលវេលា នៅពេលមានករណីបំពារបំពានយកដីព្រៃលិចទឹករបស់រដ្ឋ បើពុំដូចនេះទេ សំណង់អាណាធិប្បតេយ្យពិតជាកើតមានដែលអាចធ្វើអោយអាជ្ញាធរស្រុកនិងខេត្តពិតជាពិបាកដោះស្រាយពេលក្រោយមិនខានឡើយ៕