នាយទាហាននិងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ខេត្តឧត្តរមានជ័យ ប្តេជ្ញាការពាររាជបល្ល័ង្ក រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល និងការពារឲ្យបានដាច់ខាត នូវបូរណភាពទឹកដីកម្ពុជា

0

ខេត្តឧត្តរមានជ័យ៖ ការប្តេជ្ញាចិត្តរបស់នាយទាហាន និងពលទាហានជំនាន់ថ្មី នៃសម្តេចតេជោ សែន នេះ បានធ្វើឡើងក្រោយបញ្ចប់វគ្គហ្វឹកហ្វឺន ពង្រឹងសមត្ថភាពយោធិន រយៈពេល៩១ថ្ងៃ នៅក្នុងអង្គភាពវរសេនាតូចលេខ៤១៣  ចំណុះកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ ប្រចាំទិសទី២ ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនថៃ កាលពីថ្ងៃទី១៣មករាឆ្នាំ២០២២។

ពិធីបិទបញ្ចប់វគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធិន របស់អង្គភាពវរសេនាតូចលេខ៤១៣ កាលពីថ្ងៃ១៣មករាម្សិលមិញនោះ បានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សូរ្យ ណារ៉ា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាប្រធានគណៈបញ្ជាការឯកភាពទិសទី២ ខេត្តឧត្តរមានជ័យ ដែលជាតំណាងឲ្យ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ អាជ្ញាធរមូលដ្ឋាន នាយទាហាន និងពលទាហាន រួមទាំងសិក្ខាកាមផងដែរ នៅទីបញ្ជាការវរសេនាតូចលេខ៤១៣ ស្ថិតក្នុងភូមិពពេលសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម បានរាយការណ៍ថា វគ្គហ្វឹកហ្វឺននេះបានបិទបញ្ចប់ទៅដោយជោគជ័យ ដោយអនុវត្តន៍តាមទិសដៅ និងផែនការថ្នាក់លើសម្រាប់ឆ្នាំ២០២១ ដែលមានរយៈពេល ៩១ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ នាង ឃីម បានរាយការណ៍ទៀតថា នៅក្នុងវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធិន ក្នុងរយៈពេល ៩១ថ្ងៃកន្លងមកនេះ អង្គភាពបានបញ្ចូលខ្លឹមសារមេរៀនជាច្រើន និងសំបូរបែប ក្នុងនោះមាន មេរៀនលំហាត់របៀប ,ឋានលេខា ,សុខាភិបាល ,ភស្តុភា ,អប់រំនយោបាយចិត្តសាស្ត្រ ,លក្ខណៈបច្ចេកទេសអាវុធថ្មើរជើង ,យុទ្ធវិធីថ្មើរជើង ,សង្គ្រោះគ្រោះមហន្តរាយ ត្រៀមបង្ការទឹកជំនន់ និងមេរៀនក្បាច់គុនកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រៅពីនោះ អង្គភាពក៏បានបញ្ចូលបន្ថែម លើខ្លឹមសារការងារប្រលងប្រណាំងរយៈពេលខ្លី ដើម្បីផ្តល់ឱកាសដល់សិក្ខាកាមអនុវត្តន៍ រាល់ពេលសម្រាកពីការងារហ្វឹកហ្វឺន បានឈ្លៀតដាំដំណាំ បន្លែបង្ការ និងការចិញ្ចឹមសត្វ ដែលជាចំណេះដឹងថ្មីមួយ សំរាប់ឲ្យយោធិនគ្រប់រូប នៅពេលវិលត្រឡប់ទៅកាន់អង្គភាពវិញ យកទៅអនុវត្តន៍ ក្នុងការកសាងជីវភាពប្រចាំថ្ងៃ។

លោកឧត្តមសេនីយ៍ទោ នាង ឃីម បានបញ្ជាក់ទៀតថា ភាពជោគជ័យនៅក្នុងដំណើរការហ្វឹកហ្វឺននេះ អង្គភាពទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់ សម្តេចតេជោ ចំនួន ៣ពាន់រៀលក្នុង១ថ្ងៃ និងក្រោមការណែនាំពីវិធីសាស្រ្តជាច្រើន ពីសំណាក់ថ្នាក់ដឹកនាំមេបញ្ជាការកងទ័ពជើងគោក ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងដោយមានការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ពីអ្នកគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ និងការយកចិត្តទុកដាក់រៀនសូត្ររបស់សិក្ខាកាមទាំងអស់ ផងដែរ។

មេបញ្ជាការរងយោធភូមិភាគទី៤​ លោកឧត្តមសេនីយ៍ទោ សូរ្យ ណារ៉ា បានថ្លែង ក្រើនរំលឹកដល់យោធិនទាំងអស់ ជាពិសេស សិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺន ពង្រឹងសមត្ថភាពយោធិន ដែលជានាយទាហាន និងពលទាហានបន្តវេន ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងពេលបំពេញភារកិច្ច ក្នុងកិច្ចការងារការពារបូរណភាពទឹកដី ត្រូវមានឆន្ទៈមុះមុត អង់អាចក្លាហាន ដើម្បីការពារឲ្យខាងតែបាន ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតចេញពីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ កាលពីពេលកន្លងទៅនេះ។

លោកឧត្តមសេនីយ៍បន្តថា ក្រៅពីការអនុវត្តបទបញ្ជាថ្នាក់លើ ក៏ត្រូវចូលរួមក្នុងវិស័យសង្គមធម៌ មនុស្សធម៌ ការងារបង្ករបង្កើនផល ការដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ក្នុងជីវភាពរស់នៅ ទាំងក្នុងអង្គភាព និងគ្រួសារ ឲ្យបានកាន់តែល្អប្រសើរជាងនេះថែមទៀត។

លោកឧត្តមសេនីយ៍ទោ សូរ្យ ណារ៉ា​ ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែង កោតសរសើរថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខ៤១ និងអ្នកគ្រប់គ្រងវគ្គ ដែលបានខិតខំរួមគ្នា ធ្វើឲ្យវគ្គហ្វឹកហ្វឺននេះ បានបិទបញ្ចប់ទៅដោយជោគជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ តាមផែនការថ្នាក់លើកំណត់។

លោកឧត្តមសេនីយ៍ មានក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងទាំងនេះ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងការចែករំលែកដល់មិត្តរួមអាជីព ដើម្បីរួមគ្នាការពារបូរណភាពទឹកដីនៃយើង ក្នុងម្លប់សុខសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឧត្តមសេនីយ៍ទោ សូរ្យ ណារ៉ា​ បានផ្តាំផ្ញើដល់យោធិនទាំងអស់ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ក្នុងការអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍យើង ខ្លួនយើង គ្រួសារយើង និងប្រទេសយើង ជាពិសេស ជំងឺកូវីដ១៩ថ្មី ប្រភេទអូមេក្រុង។

សិក្ខាកាមទាំងអស់ បានប្តេជ្ញាចិត្តថា នឹងរង់ចាំស្តាប់ និងអនុវត្តតាមបទបញ្ជាថ្នាក់លើជានិច្ច និងត្រូវកំចាត់គ្រប់ឧបាយកលខ្មៅកង្វក់របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានមហិច្ឆតាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងការពារឲ្យខាងតែបានដាច់ខាត ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងបន្តការពារបូរណភាពទឹកដី ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មិនឲ្យសត្រូវជ្រៀតជ្រែកបានឡើយ…៕ ដោយ៖ឡុង សំបូរ