ក្រុម​តា​លី​បង់​វាយប្រហារ​សម្លាប់​ទាហាន​អា​ហ្វ​ហ្កា​នី​ស្ថាន​២០​នាក់

0

​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​វាយប្រហារ​ទីតាំង​កងទ័ព​មួយកន្លែង ជិត​ព្រំប្រទល់​ជាមួយ​ប៉ា​គី​ស្ថាន សម្លាប់​ទាហាន​អា​ហ្វ​ហ្កា​នី​ស្ថាន​២០​នាក់​និង​ចាប់​ទាហាន​អា​ហ្វ​ហ្កា​នី​ស្ថាន​៧​នាក់​ទៀត ធ្វើជា​ចំណាប់ខ្មាំង​ផងដែរ​។ នេះ​ជាការ​វាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្នុង​ឆ្នាំ​២០១៤​។​ ​

ការវាយប្រហារ នៅ​ទីតាំង​ទាហាន សង្កាត់ ហ្កា​ហ្ស៊ី​យ៉ា​បាត Ghaziabad ក្នុង​ខេត្ត​គូ​ណា​ភាគ​ខាងកើត ជាប់​ព្រំប្រទល់​ជាមួយ​ប៉ា​គី​ស្ថាន​។ យោងតាម​អភិបាលខេត្ត​គូ​ណា ក្រុម​តា​លី​បង់អាច​ចូល​វាយលុក​ទីតាំង​ទាហាន​នេះ​បាន គឺ​ដោយសារ​មានការ​ឃុ​ប​ខិត​ជាមួយ​ទាហាន​មួយចំនួន​។ កងកម្លាំង​បន្ថែម​អា​ហ្វ​ហ្កា​នី​ស្ថាន ត្រូវបាន​បញ្ជូនទៅ​កន្លែងកើតហេតុ ដើម្បី​ធ្វើ​ប្រតិបត្តិ​ការរំដោះ​យក​ទាហាន​ដែល​ក្រុម​តា​លី​បង់ ចាប់​ធ្វើជា​ចំណាប់ខ្មាំង​មកវិញ​។​

​ការវាយប្រហារ​នេះ ធ្វើអោយ​ប្រធានាធិបតី​ហា​មី​ដ កា​ហ្សៃ លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅ​ប្រទេស​ស្រីលង្កា​។ ក្នុងពេល​ទាហាន​អូតង់​ជិត​ដកចេញ​អស់ពី​អា​ហ្វ​ហ្កា​នី​ស្ថាន នៅ​ចុងឆ្នាំ​២០១៤​ខាងមុខ ការវាយប្រហារ​របស់​ក្រុម​តា​លី​បង់ ថ្ងៃអាទិត្យ​នេះ រឹតតែ​ធ្វើ​អោយគេ​ព្រួយបារម្ភ​ថា អា​ហ្វ​ហ្កា​នី​ស្ថាន​អាច​ធ្លាក់​ចូលក្នុង​អំពើហិង្សា​សាជាថ្មី ពិសេស​ពេល​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវ​រៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃ​៥​មេសា ខាងមុខនេះ​ទៀត​។

សហរដ្ឋអាមេរិក​ចង់​បន្ត​វត្តមាន​កងទ័ព​ខ្លួន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ក្រោយ​ឆ្នាំ​២០១៤ ប៉ុន្តែ ប្រធានាធិបតី​កា​ហ្សៃ​បាន​បដិសេធ​មិន​ចុះហត្ថលេខា​លើ​កិច្ច ព្រមព្រៀង​សន្តិសុខ​ទ្វេភាគី​ជាមួយ​អាមេរិក ទាក់ទង​នឹង​វត្តមាន​អាមេរិក​ក្រោយ​ឆ្នាំ​២០១៤​ទេ​។​ ​បន្ទាប់ពី​ការវាយប្រហារ​ពី​តា​លី​បង់​ប្រធានាធិបតី​កា​ហ្សៃ​បាន​បរិហារ​ប៉ា​គី​ស្ថាន​ថា មិន​អើពើ​នឹង​កំចាត់​ជម្រក​ក្រុម​ភេរវជន​។ លោក​កា​ហ្សៃ​បាន​ជំរុញ​ប៉ា​គី​ស្ថាន ជាថ្មី​ម្តងទៀត អោយ​គាំទ្រ​អា​ហ្វ​ហ្កា​នី​ស្ថាន ក្នុងការ​កំចាត់​ក្រុម​ឧទ្ទាម​តា​លី​បង់​។

អា​ហ្វ​ហ្កា​នី​ស្ថាន​តែង​ចោទ​ប៉ា​គី​ស្ថាន ថា​បានផ្តល់​ជម្រក​អោយ​ក្រុម​តា​លី​បង់ នៅតាម​ព្រំដែន​ជាប់​ជាមួយ​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ​ទោះជា​ប៉ា​គី​ស្ថាន​សន្យា​រក​ដំណោះស្រាយ​សន្តិភាព​ដែល​បញ្ចូល​គ្រប់ភាគី បះបោរ ភ្នាក់ងារ​ចារកិច្ច​ប៉ា​គី​ស្ថាន​មួយចំនួន នៅតែ​រង​ការចោទប្រកាន់ថា បានធ្វើ​គ្រប់​សកម្មភាព​ដើម្បី​ត្រួត​ចលនា​តា​លី​បង់​អា​ហ្វ​ហ្កា​នី​ស្ថាន ដើម្បី​ជា​ប្រយោជន៍​ខ្លួន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។

ដោយឡែក ការចរចា​រក​សន្តិភាព ជាការ​ចរចា​ផ្ទាល់​ជាមួយ​ក្រុម​តា​លី​បង់ ដែលមាន​វត្តមាន​អាមេរិក​ដែរនោះ នៅ​មិនទាន់​ផ្តល់​លទ្ធផល​អ្វី​ជាក់ស្តែង​ទេ​៕2 3