បិសាចក្រហម Manchester United បានក្លាយជាក្លិបដែលចំណាយច្រើនជាងគេបំផុតក្នុងអំឡុងទីផ្សារទិញដូរកីឡាករនៅរដូវក្តៅនេះដោយបានប្រើប្រាស់ទឹកប្រាក់រហូតដល់១៥៧.៧ លានផោន ដោយទិញបានកីឡាករចំនួន៧នាក់ដែលកីឡាករថ្លៃជាងគេគឺ Angel di Maria ដែលក្លិបនេះបានទិញពីអធិរាជស Real Madrid ក្នុងតម្លៃ៥៩.៧លានផោន ។ ក្រុមរបស់លោក Louis van Gaal បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃចុងក្រោយ មុនពេលទីផ្សារទិញដូរកីឡាករបិទទ្វាដោយក្លិប Manchester United បានព្រមព្រៀងខ្ចីជើងខ្សែប្រយុទ្ធ Radamel Falcao ពីក្លិប Monaco របស់បារាំង ។
យោងតាមគេហទំព័រ Goal.com បានចុះផ្សាយថា នៅរដូវក្តៅនេះការទិញដូរកីឡាករក្នុង ក្របខណ្ឌ Premier League បានឈានដល់កំណត់ត្រាថ្មីមួយដោយមានការកើនឡើងលើសពីឆ្នាំមុនប្រមាណជា២០០លានផោន ។ គួរបញ្ជាក់ថា ជាមួយគ្នានោះក្លិបហង្សក្រហម Liverpool ក៏បានចំណាយជាង១០០លានផោនផងដែរលើការទិញកីឡាករចំណូលថ្មីចំនួន៩នាក់ដោយរួមទាំងខ្សែប្រយុទ្ធ Mario Balotelli ផងដែរ ៕







































