ក្លិប Southampton បានប្រកាសថា ក្លិបបានព្រមព្រៀងនាំយកខ្សែការពារ តូប៊ី អាល់ឌ័រ រ័ររ៉េត (Toby Alderweireld) ពីក្លិប Atletico Madrid ក្នុងលក្ខណៈខ្ចីជើង ។ កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានផ្លាស់ទៅកាន់ក្លិបជើងឯកអេស្ប៉ាញកាលពីរដូវក្តៅមុនប៉ុន្តែរូបគេបានចូលលេងបានតែ១២ប្រកួតប៉ុណ្ណោះនៅក្នុងលីកសម្រាប់ការបង្ហាញខ្លួនរដូវកាលដំបូងរបស់ខ្លួន ។
អាល់ឌ័រ រ័ររ៉េត (Alderweireld) ប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំរីករាយដែលបានមកដល់ទីនេះ កីឡាករទាំងអស់មានទំនាក់ទំនងល្អជាមួយគ្នារួមទាំងក្រុមគ្រូបង្វឹកផងដែរហើយខ្ញុំនឹងជួយក្លិបនេះឲ្យបានល្អបំផុត” ។ គួរបញ្ជាក់ថា Alderweireld ចូលលេងបាន៣៧ប្រកួតឲ្យជម្រើសជាតិប៊ែលហ្ស៊ិកហើយរូបគេក៏មានចំណែកលេងក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ ២០១៤ ផងដែរ ៕







































